ធនាគារពិភពលោកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលរបស់ខ្លួនអនុម័តថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រទិញ និងចែកចាយវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដែលជោគជ័យ។
អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថា៖ « វ៉ាក់សាំង Covid-19 ដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាព គឺជាមាគ៌ាឆ្ពោះទៅមុខសម្រាប់ពិភពលោក ដើម្បីបើកដំណើរការឡើងវិញដោយសុវត្ថិភាព។ បើមិនដូច្នេះទេសេដ្ឋកិច្ចពិភពលោកនឹងមិនងើបឡើងវិញពេញលេញទេ រហូតដល់មនុស្សមានអារម្មណ៍ថាពួកគេអាចរស់នៅសង្គម ធ្វើការ និងធ្វើដំណើរដោយភាពជឿជាក់បាន »។

យ៉ាងណាមិញ វ៉ាក់សាំង Covid-19 មិនទាន់មានលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់កាសែតបារាំង Le Figaro ថា « ដំណើរការនៃការចែកចាយវ៉ាក់សាំង គឺស្មុគស្មាញណាស់ ហើយវាសំខាន់ណាស់ក្នុងការប្រមើលមើលតម្រូវការដែលទាក់ទងនឹងវា »។ លោកមានប្រសាសន៍ថា៖ « យើងចង់ឲ្យប្រទេសក្រីក្របំផុតមានលទ្ធភាពប្រើប្រាស់វា (វ៉ាក់សាំង) ហើយនៅក្នុងប្រទេសទាំងនេះយើងចង់ឲ្យប្រជាជនដែលងាយរងគ្រោះបំផុត និងបុគ្គលិកពេទ្យត្រូវបានទទួលថ្នាំបង្ការ »។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោកបានអនុវត្តកម្មវិធីឆ្លើយតបបន្ទាន់នៅក្នុងប្រទេសចំនួន ១១១ រួចមកហើយ ហើយប្រសិនបើថវិកាបន្ថែមត្រូវបានអនុម័ត នឹងត្រូវបានផ្ដល់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយថវិកានេះនឹងត្រូវចែកចាយក្នុងរយៈពេលពី ១២ ទៅ ១៨ ខែ។ ជាមួយគ្នានេះធនាគារពិភពលោកបានបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានចំនួន ៤៥ ពាន់លានដុល្លារនៅចន្លោះខែមេសា និងមិថុនា នៅពេលដែលសេដ្ឋកិច្ចពិភពលោកបានចុះខ្សោយ ចំពេលដែលការរីករាលដាលនៃជំងឺ Covid-19 ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


