ក្រុមហ៊ុនរបស់ចិនមួយ កំពុងឈានជើងចូលក្នុងការប្រកួតប្រជែងជាសកល ដើម្បីជួយកម្ចាត់ជំងឺរាតត្បាត Covid-19 ដោយសន្យាថា ម៉ាស៊ីនសាកល្បងរបស់ខ្លួននឹងទទួលបានលទ្ធផលលឿនជាងបន្ទប់ពិសោធន៍ ហើយអាចជឿទុកចិត្តបានជាងឧបករណ៍ពិនិត្យនៅឯផ្ទះ។
លោកស្រី Sabrina Li ស្ថាបនិកក្រុមហ៊ុន Coyote បាននិយាយថា បច្ចុប្បន្ន The Flash 20 គឺជាម៉ាស៊ីនដែលលឿនជាងគេបំផុតនៅលើពិភពលោក សម្រាប់តេស្ត PCR ជំងឺ Covid-19 ថ្មី។ ការធ្វើតេស្ត PCR គឺជាស្តង់ដារឧស្សាហកម្ម និងជាអាវុធសំខាន់មួយប្រឆាំងនឹងជំងឺរាតត្បាត ដែលឥឡូវបានសម្លាប់មនុស្សជាង ១ លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ម៉ាស៊ីននេះ ប្រើរួចហើយនៅមន្ទីរពេទ្យ និងអាកាសយានដ្ឋានក្នុងប្រទេសចិន ហើយវាបានផ្តល់លទ្ធផលក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ។ ការធ្វើតេស្តត្រូវបានគេចាត់ទុកថា ជាអាវុធដ៏ល្អបំផុតមួយក្នុងការទប់ទល់នឹងជំងឺរាតត្បាត ហើយអ្នកស្រាវជ្រាវផ្សេងទៀតក៏កំពុងស្វែងរកវិធីសាស្រ្តលឿនបំផុតដែរ។

កាលពីថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញា ប្រធានាធិបតីអាមេរិកបានប្រកាសចែកចាយ ការធ្វើតេស្តរកជំងឺ Covid-19 យ៉ាងលឿនចំនួន ១៥០ លាននាក់ ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេល ១៥-៣០ នាទី។ ខណៈអ្នកផលិត The Flash 20 និយាយថា ម៉ាស៊ីនរបស់ពួកគេដែលមានទំហំប៉ុន Printer មិនត្រឹមតែមានល្បឿនលឿនទេប៉ុន្តែអាចទុកចិត្តបានបំផុត។

លោក Zang Yuepeng ប្រធានបច្ចេកទេសរបស់ Coyote បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការរាលដាលនៃជំងឺ SARS ក្នុងឆ្នាំ ២០០៣-២០០៤ បានជះឥទ្ធិពលដល់វិស័យជីវបច្ចេកវិទ្យារបស់ប្រទេសចិន និងឈានទៅរកការរៀបចំឡើងវិញនៅក្នុងរបៀបដែលឧស្សាហកម្មដំណើរការ។ ដូច្នេះនៅពេលដែល Covid-19 បានលេចចេញនៅកណ្តាលទីក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំមុន Coyote អាចរចនាម៉ាស៊ីននេះបាន។

គួរឱ្យដឹងផងដែរថា នៅចន្លោះខែកុម្ភៈ និងខែកក្កដា ការធ្វើតេស្តចំនួន ៥០០,០០០ នាក់ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនដោយអាជ្ញាធរដោយប្រើ Flash 20 ហើយលទ្ធផលគឺ ៩៧% ដូចគ្នានឹងការធ្វើតេស្ត PCR ធម្មតានៅក្នុងមន្ទីរពិសោធន៍។ បច្ចុប្បន្នក្រុមហ៊ុនអាចផលិតបានតែ ៥០០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ តែសង្ឃឹមថាអាចកើនទ្វេដងនៅចុងឆ្នាំនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


