ក្រុមហ៊ុនអាមេរិកធំៗ ចំនួន៧ ចាប់អារម្មណ៍ចង់បណ្ដាក់ទុន បន្តវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

ក្រុមហ៊ុនអាមេរិកធំៗ ចំនួន ៧ មានបំណងចង់បណ្ដាក់ទុន ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ គោលបំណងនេះ ត្រូវបង្ហាញតាមរយៈ កិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Virtual Meeting) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀតរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Google ជាដើម។ ក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជម្ងឺកូវីដ១៩ ត្រូវបានបញ្ចប់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣ ខាងមុខ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម(IDP ឆ្នាំ២០១៥-២០២៥)។

ជាកិច្ចបញ្ចប់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានសម្តែងសុទិដ្ឋិនិយម និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។

សូមជម្រាបផងដែរថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក គិតត្រឹមខែកក្កដាឆ្នាំ២០២០ នៅតែបន្តកើនឡើង ដោយទំហំពាណិជ្ជកម្មសរុបមានចំនួន ៣,៥៧០.៩០ លានដុល្លារ ដែលកើនឡើងប្រមាណ ១៧.០៤% បើប្រៀបធៀបនឹងរយៈពេល ៧ខែ នាដើមឆ្នាំ២០១៩៕

អត្ថបទ៖ លីនី