សហគមន៍ចំនួន ៥៩ ចុះកិច្ចសន្យាផ្គត់ផ្គង់កសិផល ៤ មុខសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

សហគមន៍ចំនួន ៥៩ មកពីខេត្តតាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង មណ្ឌលគិរី ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យបានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ទំនិញកសិផលចំនួន៤មុខមានដូចជា៖ ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្ករត្នោតកំពង់ស្ពឺ និងម្រេចសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា សហគមន៍ទាំង ៥៩ នេះទទួលបានកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គចំនួនជិត ៣ ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ២ម៉ឺន ៦ពាន់តោន ស្ករត្នោតកំពង់ស្ពឺចំនួន ១០០ តោន និងម្រេចចំនួន ៥០ តោនសម្រាប់លក់ទៅឱ្យក្រុមហ៊ុននាំចេញទៅកាន់ទីផ្សារប្រទេសចិន ហុងកុង សហគមន៍អឺរ៉ុប អូស្រ្តាលី និងបណ្តាទ្វីបផ្សេងទៀត។

ថ្លែងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជានៅថ្ងៃទី ២៩ ខែកញ្ញានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តឱ្យមានការចងក្រងបណ្តុំសហគមន៍កសិកម្មឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញការផលិតសម្រាប់ទិសដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រមូលផ្តុំរវាងអ្នកផលិតអ្នកកែច្នៃវិស័យឯកជន និងវិស័យសាធារណៈ នឹងធានាបាននូវច្រវាក់ផ្គត់ផ្គង់ និងតម្លៃប្រកបដោយប្រសិទ្ធភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យផ្តល់ឥណទានពិសេសសម្រាប់ពង្រឹង និងពង្រីកផលិតកម្មដាំដុះ និងកែច្នៃផលិតផលនៅកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។

ឯកឧត្តមបានឱ្យដឹងថា មកទល់ពេលនេះមានសហគមន៍កសិកម្មជាង ៧៥០ ហើយដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់កសិផលទៅឱ្យក្រុមហ៊ុនធ្វើការនាំចេញ និងរំពឹងថាចំនួនកិច្ចសន្យានេះ នឹងកើនឡើងដល់ ១ ពាន់សហគមន៍នៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី សនើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា និងស្នើដៃគូអភិវឌ្ឍន៍បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។

លោក Gray Ellem ប្រធានក្រុមខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC សន្យាជួយបង្កើនការនាំចេញដំណាំកសិ-ឧស្សាហកម្ម និងអង្ករសរីរាង្គរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើនបន្ថែមទៀត តាមរយៈធ្វើការងារជាមួយបណ្តុំកសិករលើផ្នែកបច្ចេកទេសដាំដុះ ទុនបង្វិល និងក្រុមហ៊ុនទទួលទិញសម្រាប់ការនាំចេញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជាថ្មី ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបាន ១ លានតោននៅឆ្នាំ២០២២ និងជំរុញការនាំចេញផ្លែឈើស្រស់ និងកែច្នៃ និងទំនិញកសិ-ឧស្សាហកម្មឱ្យបានច្រើនបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន