ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ហ្វីលីពីននឹងធ្លាក់ចុះជិត ៧% ក្នុងឆ្នាំ ២០២០
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៦.៩% នៅឆ្នាំ ២០២០ ខណៈពេលដែលការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារពិភពលោក (WB) ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការរីករាលដាលនៃជំងឺ Covid-19 កំពុងតែជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច និងសង្គម។ របាយការណ៍បានបន្ថែមទៀតថា ជំងឺរាតត្បាតបានបង្កឱ្យមានការធ្លាក់ចុះនៃការបញ្ជូនប្រាក់ ដែលបានផ្ញើដោយពលករហ្វីលីពីននៅក្រៅប្រទេស និងការបាត់បង់ការងារដែលបណ្តាលមកពីវិធានការណ៍ទប់ស្កាត់ដ៏តឹងរ៉ឹង។

ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមនឹងជួយដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19 និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសហ្វីលីពីន។ នៅឆមាសទី១ នៃឆ្នាំ ២០២០ សេដ្ឋកិច្ចហ្វីលីពីនធ្លាក់ចុះ ៩% ។ ការធ្លាក់ចុះនេះ គឺជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ១៩៨៥ ដែលត្រូវបានជំរុញដោយការអនុវត្តវិធានការណ៍ដាច់ខាត រួមទាំងការរឹតត្បិតលើការធ្វើដំណើរ ការរៀបចំកន្លែងធ្វើការនៅផ្ទះ និងការបិទកន្លែងធ្វើការដែលបានរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច។

គួរឱ្យដឹងផងដែរថា ការនាំចេញ និងនាំចូលរបស់ហ្វីលីពីនក៏ចុះខ្សោយដែរ ដោយសារពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះ ដោយសារការរំខានយ៉ាងខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet