គម្រោងវិនិយោគចំនួន ៧ សរុបតម្លៃ ២៣.៦២ លានដុល្លារបានបោះពួយមកកម្ពុជា ក្នុងវិបត្តិកូវីដនេះ
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

បើទោះបីជាស្ថិតក្នុងវិបត្តិរាតត្បាតកូវីដ១៩ ក៏ដោយក្ដី ព្រះរាជាណាចក្រកម្ពុជាយើងនៅតែទទួលបានការវិនិយោគឥតដាច់ពីក្រុមហ៊ុនធំៗ ជាច្រើនមកពីបរទេស។ ជាក់ស្ដែងនាថ្ងៃនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ៧ ដែលមានទុនវិនិយោគសរុបដល់ទៅ ២៣.៦២ លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយមុននេះបន្តិចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១. ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៨កន្លែង។

ក្រុមហ៊ុនទី២ គឺ SINODEX GARMENT (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២០កន្លែង។ ហើយទី៣. គឺក្រុមហ៊ុន GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD សម្រាប់គម្រោងកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន ៤ រួមមាន៖ ១.ក្រុមហ៊ុន Biao Xin Sheng Packaging and Printing Co., Ltd. គម្រោងបង្កើតរោងចក្រផលិតតែមកង់ បោះពុម្ពក្រដាស់ និងសម្ភារ វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

ចំណែកទី២. ក្រុមហ៊ុន Leadone International Co., Ltd. គម្រោងបង្កើតរោងចក្រផលិតផលិតផលផ្លាស្ទិក គ្រាប់ជ័រ និងស្បែកសិប្បនិម្មិតគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។ ទី៣.ក្រុមហ៊ុន New Phoenix Development Industry Co., Ltd. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រឿងបង្គុំអំពូល និងខ្សែភ្លើង, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣០កន្លែង។ និងចុងក្រោយទី៤. ក្រុមហ៊ុន Simple Packing Products Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២,១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៕

អត្ថបទ៖ លីនី