សេដ្ឋកិច្ចរបស់ថៃកំពុងបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗក្នុងខែសីហានេះ ដោយសារ​កត្តាមួយចំនួនជួយយិតយោង
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

សូចនាករសេដ្ឋកិច្ចសម្រាប់ខែសីហា បង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់ពីខែកក្កដា ប៉ុន្តែបានបង្ហាញថា សេដ្ឋកិច្ចនៅតែបន្តចុះដដែល តែគ្រាន់ប្រសើរឡើងជាងមុន នេះបើយោងតាមក្រសួងហិរញ្ញវត្ថុថៃ។ ការចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនកាលពីថ្ងៃច័ន្ទការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងបានព្យាករណ៍ថាស្ថានភាពសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅត្រីមាសទី ៣ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង ១២,២ ភាគរយនៅក្នុងត្រីមាសទី ២ ។

លោក Wuttipong Jittungsakul ទីប្រឹក្សាគោលនយោបាយសារពើពន្ធបាននិយាយថា ការបើកប្រទេសនេះឡើងវិញសម្រាប់ភ្ញៀវទេសចរ ក៏នឹងជួយជំរុញដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ ដោយសំអាងលើផែនការដើម្បីអនុញ្ញាតឱ្យអ្នកដំណើរបរទេសវិលត្រឡប់ចូលប្រទេសថៃវិញនៅខែក្រោយ។ ខណៈមុនពេលហាមឃាត់ការធ្វើដំណើរដោយសារវីរុស Covid-19 ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦.៧ លាននាក់នៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា ការិយាល័យគោលនយោបាយសារពើពន្ធបានព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ (ខែកក្កដា – កញ្ញា) នឹងប្រសើរជាងត្រីមាសទី២ ។ ជាក់ស្ដែងប្រាក់ចំណូលខែសីហាពីពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលជា សូចនាករនៃការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែទាបជាងការធ្លាក់ចុះ ១១.៦% នៅក្នុងខែកក្កដា។ ដោយឡែកការលក់រថយន្តបានកើនឡើង ១៤.៨% កាលពីខែកក្កដា ប៉ុន្តែបានធ្លាក់ចុះ ៣៥.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈការចុះបញ្ជីម៉ូតូបានធ្លាក់ចុះ ២.៥% ពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៥.៨% កាលពីខែកក្កដា។

បន្ថែមពីនេះទៅទៀតប្រាក់ចំណូលរបស់កសិករកើនឡើង ២ខែជាប់ៗគ្នា គឺ ៩.២% កើនឡើងពី ៣.៨% ក្នុងខែកក្កដា ហើយសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានកើនឡើងក្នុងរយៈពេល ៤ ខែជាប់ៗគ្នា។ ការកើនឡើងនេះដែរ គឺដោយសារការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃ Covid-19 ការបន្ធូរបន្ថយការរឹតបន្តឹង និងការអនុវត្តកញ្ចប់ជំនួយ ដែលបានជួយជំរុញការចំណាយរបស់អ្នកប្រើប្រាស់។

ចំណែកឯការវិនិយោគឯកជន ក៏មានភាពល្អប្រសើរដែរ ដោយការនាំចូលទំនិញមូលធន និងរថយន្តពាណិជ្ជកម្មកើនឡើង ១.៥% និង ១៣.១% ធៀបនឹងខែកក្កដា។ ប៉ុន្តែនៅតែបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែក្នុងអត្រាធ្លាក់ចុះ ១១.៥% និង ០.៥%៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand