ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្រោយពេលស្ពានឆ្លងកាត់ទន្លេសាងសង់រួច
សេដ្ឋកិច្ច September 29, 2020 Chan Sreyny

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរំពឹងទុកថា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្រោយពេលស្ពានឆ្លងកាត់ទន្លេសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួច។

ក្នុងពិធីបើកការដ្ឋានសាងសង់ ចាក់បេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងស្រុកស្ទឹងត្រង់មកដល់បច្ចុប្បន្ននេះ ការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ ស្ពានមួយខ្សែឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ។

ម្យ៉ាងទៀតដោយសារភូមិសាស្ត្រស្រុកស្ទឹងត្រង់ មានសក្តានុពលផ្នែកវិស័យកសិកម្មលើដំណាំដាំដុះផ្សេងៗដូចជា៖ ដំណាំចេក និងដំណាំទុរេនជាដើមអាចប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគតទាំងកសិកម្ម និងកសិទេសចរណ៍ផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានរំឭកផងដែរថា នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់នេះកន្លងមក នៅរដូវប្រាំងគឺមានដីហុយ និងរដូវវស្សាដីស្អិតជាប់ជើងដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងស្នាក់នៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះ។ ដោយឃើញស្ថានភាពដូច្នេះ ទើបរដ្ឋបាលខេត្តកំពង់ចាមបានធ្វើការពិភាក្សាជាមួយនឹងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយរហូតមានការឯកភាពធ្វើការសាងសង់ចាក់ជាបេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែបានសហការជាមួយអាជ្ញាធរខេត្ត និងជួយអភិវឌ្ឍលើផ្នែកផ្សេងៗនៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក ជាពិសេសការជួយសាងសង់ចាក់បេតុង និងរៀបចំសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នាពេលនេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន