វៀតណាមចាប់ផ្ដើមសាងសង់រោងចក្របំលែងសំរាមប្លាស្ទិកទៅជាថាមពលអគ្គិសនី ដែលអាចបំលែងសំរាមចាប់ពី ៣០០ ទៅ ៦០០ តោនក្នុងមួយថ្ងៃ
សេដ្ឋកិច្ច September 28, 2020 Chan Sreyny

យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា រោងចក្រកែច្នៃសំរាមប្លាស្ទិកបំលែងទៅជាថាមពលអគ្គិសនី បានចាប់ផ្ដើមសាងសង់ហើយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ ប្រភពដដែលបានបន្តថា រោងចក្រនេះ សាងសង់នៅលើទឹកដីស្រុក Phung Hiep ក្នុងខេត្ត Hau Giang នៅតំបន់ដីសណ្ដទន្លេមេគង្គ។

លោក Truong Canh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឱ្យមន្ទីរស្ថាប័ន និងមូលដ្ឋាននានា ចូលរួមសហការដើម្បីធានានូវដំណើរការគុណភាព និងសុវត្ថិភាពនៃគម្រោង និងដាក់ឱ្យដំណើរការរោងចក្រនេះនៅចុងឆ្នាំ ២០២១ តាមការគ្រោងទុក។ បន្ថែមពីនេះលោក ស្នើឱ្យវិនិយោគិនជ្រើសរើសបច្ចេកវិទ្យាទំនើប និងបរិស្ថានសម្រាប់រោងចក្រ។

សូមបញ្ជាក់ផងដែរថា រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដី ២៣ ហិកតា ដោយប្រើដើមទុនវិនិយោគសរុបចំនួន ១.៣២ ទ្រីលានដុង (៥៦.៨៦ លានដុល្លារ) ។ ហើយនៅពេលសាងសង់រួច រោងចក្រនេះនឹងមានសមត្ថភាពដោះស្រាយសំរាម ៣០០ តោនក្នុងមួយថ្ងៃ បង្កើតបានថាមពល ៦ មេហ្គាវ៉ាត់ក្នុងដំណាក់កាលទី១ ខណៈដែលកាកសំណល់ ៦០០ លានតោនត្រូវបានគេរំពឹងថា នឹងត្រូវបានដោះស្រាយនៅដំណាក់កាលទី ២ ដើម្បីផលិតថាមពល ១២ មេហ្គាវ៉ាត់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus