ធនាគារជាតិ៖ កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច
សេដ្ឋកិច្ច September 28, 2020 Chan Sreyny

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាលើកឡើងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិព្រមទាំងអាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន។

ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ឯកឧត្តម ទេសាភិបាល មានប្រសាសន៍ថា « ក្រោមសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈការជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្នពេលដែលទំហំសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែកើនឡើងឥតឈប់ឈរ និងមានសមាហរណកម្មក្នុងតំបន់ខ្ពស់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានកំហិតលទ្ធភាពធនាគារកណ្តាល ក្នុងការអនុវត្តពេញលេញនូវគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រកំណើននិងទប់ទល់នឹងវិបត្តិ »។

ឯកឧត្តមបានស្នើដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋបន្តចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ សំដៅគាំទ្រដល់ចីរភាពកំណើនសេដ្ឋកិច្ច ការបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯកជនកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយទាមទារនូវកម្លាំងធំៗចំនួន៣ មានដូចជា៖ ច្បាប់របស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ជាតិ ដើម្បីឱ្យសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងការគ្រប់គ្រងអតិផរណាឱ្យ បានល្អ។

តាមការស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានបង្ហាញថា ប្រាក់រៀលកម្ពុជាត្រូវបានប្រើប្រាស់ភាគច្រើនក្នុងការចំណាយប្រចាំថ្ងៃ ជាពិសេសនៅតាមតំបន់ជនបទ ហើយប្រាក់បញ្ញើជារៀលក្នុងប្រព័ន្ធធនាគារ ក៏មានការកើនឡើងជាលំដាប់ដែលនេះនឹងជួយកាត់បន្ថយដុល្លារូបនីយកម្មនៅកម្ពុជានាពេលអនាគត។

ដូចគ្នានេះ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា រយៈពេល ២០ ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗហើយកំណើននៃតម្រូវការនេះ ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា៕

ប្រភព៖ ព័ត៌មាន