ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយសាងសង់អស់ជាង ៧ឆ្នាំរួចមក
សេដ្ឋកិច្ច September 28, 2020 Chan Sreyny

ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីត្រៀមរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា នេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ពេលនេះដំណើរការសាងសង់បានជាង ៧០ភាគរយហើយ បើទោះបីពិភពលោកកំពុងជួប វិបត្តិកូវីដ-១៩ធ្វើឱ្យពិបាកដឹកសម្ភារៈខ្លះៗក្តី។

ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ « នៅតាមគម្រោងគឺចប់ឆ្នាំ២០២០ តែដោយការដឹកជញ្ជូនមានការរអាក់រអួល អ៊ីចឹងឥលូវនេះយើងឃើញថា អាចបញ្ចប់នៅខែមេសា ឆ្នាំ២០២១ ដោយនៅសេសសល់មួយចំនួនដែលយើងត្រូវបំពាក់ និងត្រូវតុបតែង ដែលយើងអាចវាយតម្លៃចូលដល់ ៧០ ទៅ ៨០ភាគរយ ហើយដែលបានសម្រេច » ។

ឯកឧត្តមបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។ ជាមួយគ្នានេះពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង ៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាលបាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សាងសង់ នៅលើផ្ទៃដីជាង ៨៥ហិកតា ហើយបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ៕

ប្រភព៖ ក្រសួងព័ត៌មាន