ជប៉ុន ព្រមព្រៀងជាមួយសិង្ហបុរី និងប្រ៊ុយណេក្នុងការបើកព្រំដែនឡើងវិញសម្រាប់ជនបរទេស
សេដ្ឋកិច្ច September 25, 2020 Chan Sreyny

ប្រទេសជប៉ុន បានព្រមព្រៀងជាមួយប្រទេសសឹង្ហបុរី និងប្រ៊ុយណេដើម្បីបើកព្រំដែនរបស់ពួកគេឡើងវិញ សម្រាប់ជនបរទេសដែលទើបមកដល់ថ្មី និងអ្នកដែលរស់នៅរយៈពេលវែងចាប់ពីថ្ងៃពុធ ទី ៣០ ខែសីហា និងថ្ងៃទី ៨ ខែតុលា។

យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា អ្នកដែលមានសិទ្ធិធ្វើដំណើរនឹងត្រូវបានអនុញ្ញាតិអោយស្ថិតក្នុងលក្ខខណ្ឌ ដែលពួកគេនៅដាច់ដោយឡែកដោយខ្លួនឯងក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ។ ខណៈបច្ចុប្បន្នជប៉ុនហាមឃាត់ជាគោលការណ៍ ចំពោះការចូលរបស់ជនបរទេសមកពី ១៥៩ ប្រទេស និងតំបន់។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា « យើងឃើញថា ការបន្តការចូលថ្មីរបស់ជនបរទេសទៅកាន់ប្រទេសជប៉ុន គឺជាបញ្ហាសំខាន់ណាស់ »។ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាយ៉ាងម៉ឺងម៉ាត់អំពីវិធីសាស្រ្តក្នុងការធ្វើដំណើរឡើងវិញ ខណៈពេលដែលមានវិធានការ ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាតនេះ។

គួរឱ្យដឹងផងដែរថា ជប៉ុនបានអនុញ្ញាតិឱ្យ ប្រជាជនធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្មរយៈពេលខ្លីពីប្រទេសសឹង្ហបុរីចូលមកក្នុងប្រទេសរបស់ខ្លួន ដោយមិនចាំបាច់ត្រូវនៅដាច់ដោយឡែក ដោយស្ថិតក្នុងលក្ខខណ្ឌដែលពួកគេបានធ្វើតេស្ត៍រកជំងឺ​ Covid-19 មុនពេលចេញដំណើរ និងក្រោយការមកដល់ដែលបង្ហាញពីដំណើរនៃការស្នាក់នៅរបស់ពួកគេ និងចាត់វិធានការផ្សេងទៀតដើម្បីការពារខ្លួនគេ និងអ្នកដទៃពីជំងឺរាតត្បាតនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews