ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចាប់ផ្តើមគម្រោងថ្មីមួយក្នុងរង្វង់ថវិកាចំនួន ៨.៥ លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការការពារការរកឃើញ និងការឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ។
តាមរយៈគម្រោងរយៈពេល ៦ ឆ្នាំនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (USCDC) ការិយាល័យកម្ពុជា នឹងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ កសាងសមត្ថភាពបុគ្គលិកសុខាភិបាលសាធារណៈ រួមទាំងអ្នកជំនាញខាងរោគរាតត្បាត និងបង្កើតការគ្រប់គ្រងគ្រាអាសន្ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាយកប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជាលោក Rho Hyujun ដែលបានធ្វើជាអធិបតីក្នុងពិធីផ្លាស់ប្តូរកំណត់ត្រាពិភាក្សា (R/D) ដែលបានចុះហត្ថលេខាជាមួយរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ ជាមួយគ្នានេះអនុស្សារណៈនៃការយោគយល់ (MOU) ដែលបានចុះហត្ថលេខា ក៏ត្រូវបានផ្លាស់ប្តូរគ្នារវាងនាយកប្រចាំប្រទេសរបស់ KOICA និងនាយកប្រចាំប្រទេសរបស់ USCDC គឺលោកវេជ្ជបណ្ឌិត Rachel Albalak ផងដែរ។
សូមជម្រាបថាគម្រោងថ្មីនេះនឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលអ្នកជំនាញផ្នែករោគរាតត្បាត ដូច្នេះស្រុកនីមួយៗមានអ្នកជំនាញខាងរោគរាតត្បាតនៅចុងបញ្ចប់នៃគម្រោង ដែលអាចពិនិត្យមើលការផ្ទុះនៃករណីសង្ស័យណាមួយនៅក្នុងតំបន់ និងតាមដានករណីដែលបានរកឃើញ។ លើសពីនេះទៀត KOICA នឹងបន្តកសាងប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS) និងប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ (LIS) នៅក្នុងមន្ទីរពិសោធន៍សាធារណៈចំនួន ៤៩ ក្នុងប្រទេស និងពង្រឹងសមត្ថភាពដឹកជញ្ជូនសំណាកដើម្បីពិសោធន៍។

ទន្ទឹមនឹងនេះមន្ទីរពិសោធន៍សាធារណៈទាំងអស់ត្រូវបានគេរំពឹងថា នឹងបំពាក់នូវការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងអាចទុកចិត្តបានជាងមុន ដើម្បីរកមើលជំងឺឆ្លងដែលជាលទ្ធផលនៃគម្រោងនេះ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ក៏នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសតាមរយៈគម្រោងនេះផងដែរ ដែលនឹងជួយដំណើរការលំហាត់ពិសោធន៏ បញ្ចប់ការវាយតំលៃហានិភ័យជាតិ បញ្ចប់នីតិវិធីប្រតិបត្តិស្តង់ដារ EOC (SOPs) និងធ្វើការបណ្តុះបណ្តាលដល់បុគ្គលិក EOC និងបណ្តាខេត្ត៕
ប្រភព៖ ក្រសួងព័ត៌មាន


