ក្នុង ១ ឆ្នាំៗខេត្តត្បូងឃ្មុំបាននាំចេញដំឡូងមីជាង ១ លានតោនទៅកាន់ទីផ្សារក្រៅប្រទេសដើម្បីបំពេញតម្រូវការទីផ្សារ និងបានជួយលើកទឹកចិត្តដល់កសិករឱ្យចង់ដាំបន្តទៀត។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះ ដំឡូងមីចំនួន៥ម៉ឺនហិកតា ដែលអាចឆ្លើយតបបានយ៉ាងប្រសើរសម្រាប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ។ លោកបន្តថា ប្រជាពលរដ្ឋពេញនិយមលក់ដំឡូងមីសើម ដោយសារវាមិនពិបាកកែឆ្នៃហើយក្នុង ១ គីឡូក្រាមលក់បានតម្លៃពី ៣៤០រៀល ទៅ ៣៥០រៀល។

លោកបញ្ជាក់ថា « ដំឡូងមីរាល់ឆ្នាំទិន្នផលវាក្នុងមួយឆ្នាំខេត្តត្បូងឃ្មុំក្នុងរង្វង់ ១ លានតោនហើយចំពោះបញ្ហាទីផ្សារគឺអត់អីទេ គឺត្រូវបានលក់ចេញអស់ហើយនៅខេត្តត្បូងឃ្មុំលក់ចេញជាដំឡូងសើមស្ទើរតែទាំងអស់តែម្ដង ហើយតម្លៃអត់ទៀងទេឆ្នាំកន្លងទៅនេះគឺតម្លៃបានល្អគឺ ៣០០ ជាងឃើញថាតម្លៃធ្លាក់ចុះត្រឹម ២៩០រៀល៊ ឡើដល់ ៣៤០ ទៅ ៣៥០រៀល ក្នុងមួយគីឡូក្រាម»។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់ក្នុងការដាំដុះទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំឡូងមី ដោយត្រូវធ្វើការដាក់ជីបន្ថែមដើម្បីឱ្យដំឡូងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ត្រៀមពូជល្អៗទុកដាំឆ្នាំក្រោយទៀត។ ប្រសិនបើមានបញ្ហាសត្វល្អិតយាយីដំឡូងមី កសិករអាចទំនាក់ទំនងទៅមន្ទីរកសិកម្មខេត្ត ដើម្បីក្រុមការងារចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។

សូមបញ្ជាក់ថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅតំបន់មានអាកាសធាតុក្តៅហើយសើម មានពន្លឺ ហើយដីដែលល្អសម្រាប់ការលូតលាស់គឺដីល្បាយខ្សាច់ធូរ ច្រោះទឹកល្អ និងមានជីជាតិ។ ដំឡូង អាចបរិភោគជំនួសបាយបាន និងអាចច្នៃយកម្សៅដំឡូងមីធ្វើជានំបុ័ងបាន។ ស្លឹកវាអាចធ្វើជាចំណីសត្វ និងអាចកែច្នៃទៅជារបស់មានប្រយោជន៍ជាច្រើនប្រភេទទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន


