សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដល់រុស្ស៊ីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ខណៈវ៉ាក់សាំងនេះអាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គម និងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។
សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះនៅក្នុងឱកាស ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ នាឱកាសនោះដែរ ឯកឧត្តម អាណាថូលី បានគោរពជម្រាបជូនសម្តេចតេជោអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។

មិនតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនចំពោះសម្តេច រួមជាមួយប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រេីនរហូតមកដល់ពេលនេះ។

លើសពីនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺកូវីដ-១៩ នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គម និងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសផងដែរ។

សូមជម្រាបជូនថា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានផលិតវ៉ាក់សាំងការពារវីរុស កូវីដ-១៩ បានយ៉ាងជោគជ័យ និងបានទទួលស្គាល់ចុះឈ្មោះនៅក្នុងបញ្ជីជាផ្លូវការ។ ទន្ទឹមនឹងនេះកាលពីពាក់កណ្ដាលខែសីហា កន្លងទៅប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានចាប់ផ្ដើមផលិតវ៉ាកសាំង កូវីដ-១៩ សម្រាប់កញ្ចប់ដំបូងហើយ ហើយធ្លាប់បានសន្យាថា នឹងចែកចាយវ៉ាក់សាំងនេះដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោកឲ្យមានសិទ្ធទទួលបានវ៉ាក់សាំងដោយស្មើភាព៕
អត្ថបទ៖ លីនី


