ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លើគេ សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុក ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ
ទេសចរណ៍ September 23, 2020 Chan Sreyny

ខេត្តបាត់ដំបង ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ (ពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា) យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែល AKP ទទួលបាននៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១,១១២,៤០៣នាក់ ក្នុងនោះជិត ៧,០០០ នាក់ ជាភ្ញៀវអន្តរជាតិ។ ក្នុងនោះ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរបានចំនួន ១៣៤,៤៤០នាក់ ជាប់ចំណាត់ថ្នាក់ទី១ លេខ២ បានទៅលើខេត្តសៀមរាប ដោយមានភ្ញៀវទេសចរចំនួន ១២២,៣៧០នាក់ និងលេខ៣ ខេត្តកំពត មានភ្ញៀវទេសចរចំនួន ៩៤,៤៧៩នាក់។

របាយការណ៍បានកត់សម្គាល់ថា បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។ ម៉្យាងទៀត ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ ដោយឡែកបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន