ឱនភាពថវិការបស់ឥណ្ឌូនេស៊ីកើនឡើងជិត ៣៤ ពាន់លានដុល្លារ
សេដ្ឋកិច្ច September 23, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា ឱនភាពថវិការបស់រដ្ឋឥណ្ឌូនេស៊ីបានឈានដល់ ៥០០.៥ ទ្រីលានរូ៉ពី ( ៣៣.៩៦ ពាន់លានដុល្លារ) នៅចុងខែសីហា ស្មើនឹង ៣.០៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ី។

នេះជាលើកទី១ ហើយដែលឱនភាពថវិការបស់រដ្ឋឈានដល់លើសពី ៣% ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបន្ធូរបន្ថយដែនកំណត់ច្បាប់ តាមរយៈច្បាប់លេខ ២/២០២០ ដើម្បីជួយជាថវិកាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ Covid-19 ។ រដ្ឋាភិបាលរំពឹងថា ឱនភាពថវិកានឹងកើនឡើងដល់ ៦.៣៤% នៅឆ្នាំនេះ ពោលគឺកើនឡើងពីកម្រិតឱនភាពដំបូង ៣% នៅពេលដែលខ្លួនបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៦៩៥.២ ទ្រីលានរូ៉ពីដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសនេះបានប្រមូលចំណូលរដ្ឋចំនួន ១.០៣ ពាន់លានរូ៉ពីគិតត្រឹមខែសីហា ដែលបង្ហាញពីការធ្លាក់ចុះ ១៣.១% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះនៃចំណូលពន្ធ និងចំណូលមិនមែនពន្ធ។ ចំណូលពន្ធដែលជាប្រភពចំណូលសំខាន់សម្រាប់រដ្ឋាភិបាលបានធ្លាក់ចុះ ១៥.៦% ក្នុងមួយឆ្នាំមកនៅត្រឹម ៦៧៦.៩ ទ្រីលានរូ៉ពីដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនូវពន្ធសាជីវកម្ម និងពន្ធនាំចូលខណៈសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។

គួរឱ្យដឹងផងដែរថា ការចំណាយរបស់រដ្ឋាភិបាលកណ្តាលបានកើនឡើង ១៤% ដល់ ៩៧៧.៣ ទ្រីលានរ៉ូពីដែលជំរុញដោយការចំណាយខ្ពស់ក្នុងសង្គម និងការចំណាយជំរុញសេដ្ឋកិច្ច។ ដោយបានចំណាយថវិកាប្រហែល ៣៦% នៃថវិកាជំរុញសេដ្ឋកិច្ច ៦៩៥.២ ទ្រីលានរូ៉ពីលើការទប់ស្កាត់ Covid-19 គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus