Gavi ដែលជាអង្គការមួយជួយចាក់ថ្នាំបង្ការការពារដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បាននិយាយថា ប្រទេស និងតំបន់ចំនួន ១៥៦ បានចូលរួមក្នុងគម្រោងមួយដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំងការពារវីរុស Covid-19 ហើយអង្គការនេះរំពឹងថា ប្រទេស និងតំបន់ចំនួន ៣៨ ទៀតនឹងចូលរួមផងដែរ។
គួរឲ្យដឹងផងដែរថា អង្គការ Gavi អង្គការសុខភាពពិភពលោក និងអង្គភាពដទៃទៀតបានរួមគ្នាបង្កើតគម្រោងនេះឡើង នៅក្នុងខែមិថុនា។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ ច័ន្ទ លោក Seth Berkley នាយកប្រតិបត្តិអង្គការ Gavi បាននិយាយថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន ៦៤ កំពុងចូលរួម ក្នុងនោះក៏មានប្រទេសជប៉ុនផងដែរ។

លោកបានបន្តថា ប្រទេសទាំងនោះកំពុងផ្តល់មូលនិធិផ្ទាល់ខ្លួនសម្រាប់គ្រោងការណ៍ ប៉ុន្តែសហរដ្ឋអាមេរិក និងចិន មិនបានចូលរួមនៅក្នុងនោះទេ។ លើសពីនេះលោករំពឹងថា ប្រទេស ៣៨ ទៀតនឹងអាចចូលរួមក្នុងគម្រោងនេះ ខណៈកំពុងរង់ចាំការអនុម័តនៅក្នុងសភារបស់ខ្លួន។ យោងតាមអង្គការសុខភាពពិភពលោក បណ្ដាប្រទេស និងអង្គការសប្បុរសធម៌បានសន្យាផ្តល់ថវិកាប្រមាណ ១.៤ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំង ប៉ុន្តែគេនិយាយថាត្រូវការប្រាក់ចំនួន ៨០០ លានដុល្លារបន្ថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


