ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងចាប់ផ្ដើមគម្រោងចំនួន ៣ ស្ដីពីការអភិវឌ្ឍវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជានៅខែក្រោយនេះ។ ការឲ្យដឹងនេះ ត្រូវបានលើកឡើងដោយលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងជំនួបសម្តែងការគួរសម និងរាយការណ៍ជាមួយនឹង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនោះ លោកស្រីបានមានប្រសាសន៍ថា៖ « គម្រោងទាំងបីនឹងត្រូវចាប់ផ្តើមនៅខែតុលាខាងមុខនេះ ដែលក្នុងនោះរួមមាន ការផលិតពូជស្រូវ ,ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត និងការការពារ និងអភិរក្សបរិស្ថាន ដោយសង្ឃឹមថា គម្រោងដែលចាប់ផ្តើម នឹងទទួលបានជោគជ័យ។

ជាការកិច្ចឆ្លើយតប ឯកឧត្តម វេង សាខុន បានស្វាគមន៍ចំពោះគម្រោងដែលគាំទ្រដោយ JICA ដោយសង្កត់ធ្ងន់ថា ពួកគេនឹងចូលរួមចំណែកក្នុងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបរិស្ថានដោយលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតភាព និងធានាគុណភាពពូជស្រូវ រួមទាំងការការពារព្រៃឈើ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ JICA និងរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់ការអភិវឌ្ឍកសិកម្មនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន


