ការស្ទង់មតិ៖ ប្រជាជនជិត ៨០% នៅប្រទេសមួយចំនួនដែលផ្លាស់ទីលំនៅបានបាត់បង់ការងារ ឬប្រាក់ចំណូលដោយសារជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច September 22, 2020 Chan Sreyny

យោងតាមការស្ទង់មតិមួយដោយក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) បានបង្ហាញកាលពីពេលថ្មីៗនេះថា ប្រជាជនប្រមាណ ៧៧% នៃប្រជាជនដែលផ្លាស់ទីលំនៅដោយសារជម្លោះបានបាត់បង់ការងារ ឬប្រាក់ចំណូលចាប់តាំងពីការចាប់ផ្តើមមានជំងឺរាតត្បាត Covid-19 ឆ្លងរាលដាល។

កំណត់ត្រាមនុស្ស ៧៩.៥ លាននាក់នៅទូទាំងពិភពលោកឬ ១% នៃមនុស្សជាតិត្រូវបានផ្លាស់ទីលំនៅនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីបានភៀសខ្លួនចេញពីសង្គ្រាម ឬការបៀតបៀន។ NRC ដែលជាអង្គការក្រៅរដ្ឋាភិបាលបានស្ទង់មតិជនភៀសខ្លួន និងប្រជាជនផ្លាស់ទីលំនៅចំនួន ១,៤៣១ នាក់នៅទូទាំងប្រទេសចំនួន ១៤ រួមមាន៖ អាហ្វហ្គានីស្ថាន​ កូឡុំប៊ី អ៊ីរ៉ាក់ កេនយ៉ាលីប៊ី ម៉ាលី អ៊ូហ្គង់ដា និងវេណេស៊ុយអេឡា។ ប្រហែល ៧០% នៃអ្នកដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេត្រូវកាត់បន្ថយចំនួនអាហារសម្រាប់គ្រួសាររបស់ពួកគេ ហើយ ៧៣% ទៀតនិយាយថា ពួកគេទំនងជាមិនសូវបានបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀននោះទេដោយសារបញ្ហាសេដ្ឋកិច្ច។

យោងតាមការដកស្រង់សម្តីរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយ NRC បាននិយាយថា « ប្រសិនបើជំងឺរាតត្បាត Covid-19 នេះមិនសម្លាប់យើងទេនោះ ភាពអត់ឃ្លានពិតជានឹងសម្លាប់ពួកយើងមិនខាន​ »។ NRC បាននិយាយថា​ ជំងឺរាតត្បាតបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់ប្រជាជនដែលងាយរងគ្រោះបំផុត រួមទាំងជនភៀសខ្លួន និងប្រជាជនដែលផ្លាស់ប្តូរទីលំនៅ ដែលជំរុញឱ្យពួកគេធ្លាក់ចូលទៅក្នុងរង្វង់ដ៏គ្រោះថ្នាក់បំផុត។

អគ្គលេខាធិការ NRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ប្រជាជនទាំងនោះ ត្រូវបានគេបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដោយសារតែអំពើហឹង្សាជាញឹកញាប់ ហើយពួកគេត្រូវបានកំណត់ក្នុងការធ្វើការ ឬទទួលបានសេវារបស់រដ្ឋាភិបាល និងផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកំពុងជំរុញពួកគេឱ្យស្ថិតក្នុងមហន្តរាយ »៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia