សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវមោទនភាពចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ដោយសម្ដេចបានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងប្រចាំឆ្នាំ ១៧% ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។
នៅក្នុងវីដេអូឃ្លីបមួយនៅថ្ងៃទី ២១ ខែកញ្ញា ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដោយសម្ដេចតេជោ បានជូនដំណឹងដល់គណៈប្រតិភូ USABC ថាទោះបីមានការរីករាលដាលនៃ Covid-19 បានបង្កការលំបាកជាច្រើនដល់មុខងារសង្គម និងសេដ្ឋកិច្ចក៏ដោយ រដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃកំណែទម្រង់របស់ខ្លួនលើគ្រប់វិស័យនោះទេ។ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ជាពិសេសនៅពេលស្ថានការណ៍ Covid-19 បានធូរស្បើយ ប្រទេសកម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈទូលំទូលាយ និងទាក់ទាញសម្រាប់ឧស្សាហកម្មអេឡិចត្រូនិក ការកែច្នៃផលិតផលកសិកម្ម និងគាំទ្រឧស្សាហកម្ម។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននាពេលឆាប់ៗខាងមុខនេះ ដោយសង្ឃឹមថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលស្វែងរកទីតាំងផលិតកម្មថ្មីនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ ពិភពលោកបានប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក ប៉ុន្តែសម្រាប់កម្ពុជារដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោបាននិយាយថា រហូតមកដល់ពេលនេះប្រទេសកម្ពុជាមិនទាន់បានឃើញការឆ្លងសហគមន៍ណាមួយឡើយ និងគ្មានការបិទទ្វារនៅក្នុងប្រទេស ទោះបីជាជំងឺរាតត្បាតបានបង្កើតនូវបញ្ហាប្រឈមជាច្រើន ជាពិសេសវិស័យវាយនភណ្ឌ ទេសចរណ៍ អាកាសចរណ៍ និងវិស័យសេវាកម្មក៏ដោយ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


