សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ បានធ្លាក់ចុះដល់ ១២.២% នៅក្នុងត្រីមាសទី២ ដោយសារការទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាត Covid-19 ប៉ុន្តែការព្យាករណ៍បង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងស្ទុះងើបឡើងវិញ។
ស្ថិតិប្រទេសនូវែលសេឡង់បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GPD) បានធ្លាក់ចុះខ្លាំងជាងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ហើយជាសញ្ញាបង្ហាញថាប្រជាជន ៥ លាននាក់កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល ១១ ឆ្នាំ។ សេដ្ឋវិទូបាននិយាយថា ការធ្លាក់ចុះនេះទំនងជានឹងត្រូវបានបន្តដោយការកើនឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ដោយសារអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ។ ហើយការព្យាករណ៍ដែលចេញផ្សាយដោយរតនាគារនូវែលសេឡង់នៅសប្តាហ៍នេះបានព្យាករណ៍ថា អត្រាគ្មានការងារធ្វើនឹងកើនឡើងដល់ ៧.៨% ដែលទាបជាងការព្យាករណ៍កាលពីពេលមុនដែលមានជិត ១០% ។
![]()
កាលពីត្រីមាសទី២ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ប្រទេសនូវែលសេឡង់ស្ថិតនៅក្នុងការបិទទ្វារយ៉ាងពេញលេញ រហូតដល់ការរឹតត្បិតទាំងអស់ត្រូវបានបន្ថូរបន្ថយបន្តិចម្ដងៗនៅខែមិថុនា។ ទីក្រុងធំបំផុត Auckland របស់នូវែលសេឡង់បានចាក់សោរជាបណ្តោះអាសន្នកាលពីខែមុន ដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-19 ។ តួលេខនៅត្រីមាសទី២ បានបង្ហាញថាសកម្មភាពសាងសង់ធ្លាក់ចុះ ២៦% ការផលិតបានធ្លាក់ចុះ ១៣% ហើយការចំណាយក្នុងគ្រួសារធ្លាក់ចុះ ១២% បើប្រៀបធៀបនឹងត្រីមាសមុន។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់លោក Grant Robertson បាននិយាយថា ការបិទទ្វារគឺចាំបាច់ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ពីការឆ្លងជំងឺរាតត្បាត និងដើម្បីឱ្យសេដ្ឋកិច្ចអាចលោតបានលឿន។ លោកបានបន្តថា ការធ្លាក់ចុះនៃ GDP គឺល្អប្រសើរជាងការព្យាករណ៍ទុករបស់រតនាគារដែលបានធ្លាក់ចុះ ១៦% ។ រដ្ឋាភិបាលនូវែលសេឡង់ បានបញ្ចូលប្រាក់រាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ដើម្បីទ្រទ្រង់សកម្មភាព និងកាត់បន្ថយភាពអត់ការងារធ្វើឱ្យតិចបំផុត។ ជាលទ្ធផលបំណុលរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងកើនឡើងជាង ២០% នៃ GDP មុនពេលមានការរីករាលដាលដល់ ៥៤% នៃ GDP នៅឆ្នាំ ២០២៣ ៕
អត្ថបទ៖ នីតា
ប្រភព៖ independent


