យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញរថា ប្រទេសជប៉ុនបានទទួលអ្នកទេសចរបរទេសប្រមាណ ៨,៧០០ នាក់ក្នុងខែសីហា ពោលគឺធ្លាក់ចុះ ៩៩.៧% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលមានការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 ។
យោងតាមទិន្នន័យដែលចេញដោយទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបានកើនឡើងទ្វេដងលើសពីការប៉ាន់ស្មានកាលពីខែមុន ដែលមានចំនួន ៣,៨០០ នាក់ និងបានកើនឡើងបន្ថែមទៀតពីចំនួន ១,៦៦៣ ក្នុងខែឧសភា ដែលជាតួលេខទាបបំផុតចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមចងក្រងស្ថិតិបែបនេះក្នុងឆ្នាំ ១៩៦៤ ។ ទោះជាយ៉ាងនេះក្ដី តួលេខចុងក្រោយបានបង្ហាញពីការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាលើកទី១១ ចាប់តាំងពីខែតុលា ឆ្នាំមុននៅពេលដែលចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារទំនាក់ទំនងនយោបាយមានភាពជូរចត់រវាងតូក្យូ និងសេអ៊ូលជុំវិញបញ្ហាសង្គ្រាម។

ការកើនឡើងពីមួយខែទៅមួយខែនៅក្នុងខែសីហា គឺបណ្តាលមកពីការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ជប៉ុន សម្រាប់ប្រទេសមួយចំនួននេះបើយោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលជប៉ុននៅតែបន្តរឹតត្បិតជាគោលការណ៍ការចូលរបស់ជនបរទេសមកពី ១៥៩ ប្រទេស និងតំបន់ ការរឹតត្បិតនេះត្រូវបានបន្ធូរបន្ថយសម្រាប់អ្នកដែលរស់នៅក្នុងប្រទេសជប៉ុន ដែលមកពីប្រទេសដែលមានករណីឆ្លងជំងឺរាតត្បាតទាបរួមទាំងថៃ និងវៀតណាម។

គួរឱ្យដឹងផងដែរថា អ្នកទេសចរមកពីប្រទេសចិនមានចំនួនសរុប ១,៦០០ នាក់នៅក្នុងខែសីហា បើប្រៀបធៀបទៅនឹងឆ្នាំមុនប្រហែល ១ លាននាក់ បន្ទាប់មកភ្ញៀវមកពីវៀតណាមមានចំនួន ១,១០០ នាក់ និងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានចំនួន ៧០០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


