ជប៉ុន សម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងជាង ១៥​ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច September 15, 2020 Chan Sreyny

គណៈរដ្ឋមន្រ្តីជប៉ុន បានសម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងចំនួន ១,៦៤០ ពាន់លានយ៉េន (១៥.៥ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដើម្បីបង្កើនការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតនៃជំងឺ Covid-19 រួមទាំងការចូលរួមចំណែកក្នុងក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍវ៉ាក់សាំង។

ថវិកាសង្គ្រោះបន្ទាន់ចំនួន ៧៣៩.៤ ពាន់លានយ៉េន ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងតំបន់ និងធានាបានបន្ទប់គ្រប់គ្រាន់នៅមន្ទីរពេទ្យ និងសណ្ឋាគារសម្រាប់អ្នកជំងឺ Covid-19 និង ៣១៤.២ ពាន់លានយ៉េនសម្រាប់កម្មវិធីប្រាក់កម្ចីគ្មានការប្រាក់ សម្រាប់គ្រួសារដែលប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតនេះ។ ដើម្បីជួយស្ថាប័នវេជ្ជសាស្រ្តត្រៀមសម្រាប់អ្នកជម្ងឺផ្តាសាយតាមរដូវនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារនេះរដ្ឋាភិបាលជប៉ុននឹងត្រៀមថវិកាចំនួន ២១៧ ពាន់លានយ៉េន។

ចំណែកទឹកប្រាក់ចំនួន ១៧.២ ពាន់លានយ៉េនសម្រាប់ COVAX Facility ដែលជាក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍ និងទិញវ៉ាក់សាំង Covid-19 ។ រដ្ឋាភិបាលជប៉ុន បានទុកថវិកាបំរុងសរុបចំនួន ១១.៥ ទ្រីលានយ៉េនក្រោមថវិកាបន្ថែមចំនួន ២ សម្រាប់ឆ្នាំនេះ រហូតដល់ខែមីនា ឆ្នាំក្រោយដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ គួរឱ្យដឹងផងដែរថា នៅថ្ងៃអង្គារ ទី ១៥ ខែសីហា គណៈរដ្ឋមន្រ្តីជប៉ុនក៏បានសម្រេចចិត្តចំណាយថវិកា ៣១.៥ ពាន់លានយ៉េននៃមូលនិធិនេះ ដើម្បីជួយកសាងតំបន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលរងការវាយប្រហារដោយទឹកភ្លៀង និងទឹកជំនន់ក្នុងខែកក្កដា៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews