រដ្ឋាភិបាលកម្ពុជា ចាប់ដៃគ្នាជាមួយនឹងសឹង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗ ដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន YCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង, ស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។

ថ្លែងក្នុងសុន្ទរកថាបើកអង្គប្រជុំ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ លើសពីនោះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាបានកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មកភ្នំពេញ៕
អត្ថបទ៖ លីនី


