នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើគម្រោងសាងសង់រម្មណីយដ្ឋានទេសចរណ៍ដែលមានតម្លៃដល់ទៅ ៩.៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន Vingroup កាលពីពេលថ្មីៗនេះ។ ការអនុម័ត គម្រោងពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំនេះ គឺដោយសាររដ្ឋាភិបាលព្យាយាមរក្សាល្បឿនវិនិយោគទុនសាធារណៈ និងឯកជនចាប់តាំងពីខែមករាមក ដើម្បីជួយស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
គម្រោងរម្មណីយដ្ឋានទេសចរណ៍នេះ ស្ថិតនៅតំបន់ឆ្នេរ Can Gio មានចម្ងាយ ៥០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហូជីមិញ ដែលគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០៣១ ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាមបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ សម្រាប់ការយល់ព្រមរបស់រដ្ឋាភិបាល បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសកម្មជនបរិស្ថានបានព្រមានពីហានិភ័យនៃជីវមណ្ឌលដែលត្រូវបានគេហៅថាជា សួតបៃតងការពារទីក្រុងហូជីមិញប្រឆាំងនឹងការបំពុលខ្យល់ និងទឹក។

ប៉ុន្តែដោយសារការរីករាលដាលនៃវីរុស Covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ និងការនាំចេញរបស់វៀតណាមដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចបានធ្លាក់ចុះ បានឱ្យប្រទេសនេះធ្វើការសម្រេចចិត្តលឿនជាងមុនលើគម្រោងខ្នាតធំ៕

អត្ថបទ៖ លីនី
ប្រភព៖ nikkei


