រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នេះបើយោងតាមការឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ។

យ៉ាងណាមិញដើម្បីសម្រេចបាននូវមហិច្ឆតាខាងលើ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយបានដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិតជីវភាពមធ្យមជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ ធនធាន និងឆ្លើយតបទៅនឹងការថមថយនៃកំលាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ជាក់ស្តែង នៅឆ្នាំ២០២០ នេះការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករបានកើនឡើងរហូតដល់ ៩៩.០៩% នៃផ្ទៃដីដាំដុះស្រូវសរុប រីឯការប្រមូលផលស្រូវវិញ គឺបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប។ ដោយឡែកការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ៕

អត្ថបទ៖ លីនី


