ប្រទេសចិន នឹងបង្កើតឱកាសអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់ពិភពលោក ក្រោយជោគជ័យលើរឿងពីរនេះ
សេដ្ឋកិច្ច September 15, 2020 Chan Sreyny

ប្រទេសចិននឹងបង្កើតឱកាសអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់ពិភពលោក ដោយនេះជាការលើកឡើងរបស់លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃ សុក្រ កន្លងទៅថ្មីៗនេះ។ លោក Wang បានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងមូស្គូ។

នា​ឱកាសនោះលោកបានកត់សម្គាល់ថា ប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការការពារ និងត្រួតពិនិត្យជំងឺរាតត្បាត Covid-19 ហើយបានឆ្លងកាត់ការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ជាមួយគ្នានេះដែរ ប្រទេសចិនបានកត់ត្រាកំណើនសេដ្ឋកិច្ច ៣.២% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ ដែលធ្វើឲ្យប្រទេសនេះក្លាយជាសេដ្ឋកិច្ចធំទី១ ដែលបានវិលត្រលប់ទៅរកកំណើននៅទូទាំងពិភពលោកវិញ ហើយនេះបានបង្ហាញពីភាពធន់ និងរឹងមាំនៃសេដ្ឋកិច្ចចិន។

ដោយកត់សម្គាល់ថាសេដ្ឋកិច្ចចិនបានឃើញកំណើនប្រកបដោយចីរភាពចាប់តាំងពីត្រីមាសទី៣ លោកបាននិយាយថា ប្រទេសចិនមានទំនុកចិត្ត និងសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលបានបង្កើតឡើង។ ជាងនេះទៅទៀត ប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយដែលទីផ្សារក្នុងស្រុក និងបរទេសអាចជំរុញគ្នាទៅវិញទៅមកដោយទីផ្សារក្នុងស្រុកជាកម្លាំងស្នូល។

សមាជិកក្រុមប្រឹក្សារដ្ឋចិនរូបនេះបានសង្កត់ធ្ងន់ថា គំរូថ្មីនេះ គឺជាជម្រើសដែលមិនអាចចៀសផុតបាននៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនឈានដល់ដំណាក់កាលថ្មី និងជាវិធានការដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការដោះស្រាយជាមួយនឹងការផ្លាស់ប្តូរថ្មីនៃសេដ្ឋកិច្ចពិភពលោក។ លោកបានបញ្ជាក់ថា ដោយមានប្រជាជន ១.៤ ពាន់លាននាក់ និងប្រជាជនដែលមានប្រាក់ចំណូលមធ្យមជាង ៤០០លាននាក់ ធ្វើឲ្យប្រទេសចិនឥឡូវនេះកំពុងអភិវឌ្ឍ​ទៅជាទីផ្សារធំបំផុតរបស់ពិភពលោក ហើយនេះជាមុខងារសំខាន់សម្រាប់ប្រទេសធំមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាចម្បងលើតម្រូវការក្នុងស្រុក។

លោក Wang បានបន្ថែមថា នៅពេលដែលទីផ្សារចិនរីកធំធាត់ និងធំធាត់ជាងមុន អំណាចទិញដែលមិនអាចវាស់វែងបាននឹងត្រូវបានបង្កើតឡើង ដែលនឹងផ្តល់ទីផ្សារកាន់តែទូលំទូលាយទាំងសម្រាប់ប្រទេសចិន និងពិភពលោក។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះបានបន្តទៀតថា លំនាំនៃការអភិវឌ្ឍន៍ថ្មីក៏តម្រូវឱ្យប្រទេសចិនកសាងរចនាសម្ព័ន្ធ សេដ្ឋកិច្ចដែលបើកចំហរ ដែលនឹងនាំមកនូវឱកាសអភិវឌ្ឍន៍កាន់តែច្រើនដល់ពិភពលោកផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ chinadaily