សមាគមន៍ទេសចរណ៍ក្នុងស្រុក ស្នើឱ្យរដ្ឋាភិបាលថៃកំណត់គោលដៅ ២០០ លានដំណើរកំសាន្តនៅឆ្នាំក្រោយបើចង់ឱ្យឧស្សាហកម្មនេះដំណើរការតទៅទៀត
សេដ្ឋកិច្ច September 15, 2020 Chan Sreyny

យោងតាមសមាគមទេសចរណ៍ក្នុងស្រុក (ADT) របស់ថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃគួរតែមានគោលដៅខ្ពស់នៅក្នុងទីផ្សារទេសចរណ៍ក្នុងស្រុក ដោយកំណត់គោលដៅធ្វើដំណើរយ៉ាងហោចណាស់ ២០០ លានសម្រាប់ឆ្នាំក្រោយ ប្រសិនបើប្រទេសថៃចង់ឱ្យឧស្សាហកម្មនេះដំណើរការតទៅទៀត។

ប្រធានក្រុមហ៊ុន ADT លោក Thanapol Cheewarattanaporn មានប្រសាសន៍ថា « វាគ្មានប្រយោជន៍ទេ ប្រសិនបើរដ្ឋាភិបាលមិនបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ដូចដែលយើងបានឃើញរួចហើយនូវតម្រូវការក្នុងស្រុក និងការលើកទឹកចិត្តមិនគ្រប់គ្រាន់នៅឆ្នាំនេះ មិនអាចជួយសង្គ្រោះប្រតិបត្តិករ និងអ្នកដែលស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បានទេ » ។ លោកបន្តថា ប្រហែល ៣០% នៃប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស បានចាកចេញពីអាជីវកម្មនេះ ខណៈ ៥០% នៅតែបិទជាបណ្តោះអាសន្ន។

ដើម្បីជួយដល់ឧស្សាហកម្មដែលរងផលប៉ះពាល់នេះ ADT បានជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មសកម្មភាពទេសចរណ៍ក្នុងស្រុក ដោយអនុញ្ញាតឱ្យអ្នកទេសចរទិញកញ្ចប់កម្មវិធីដំណើរកម្សាន្តពីភ្នាក់ងារនានា និងទទួលបានការបញ្ចុះតម្លៃ ៤០% និងទទួលបានប្រាក់ឧបត្ថម្ភ ៨,០០០ បាតក្នុងមួយកញ្ចប់។ លោក Thanapol បន្ថែមថា « ជាមួយនឹងការឧបត្ថម្ភធនរហូតដល់ ៨,០០០ បាតអតិថិជនអាចទទួលបានកញ្ចប់បុព្វលាភដែលមានតម្លៃពី ១ ម៉ឺនទៅ ២ ម៉ឺនបាតដែលមានគុណភាពមិនខុសពីដំណើរកម្សាន្តទៅក្រៅប្រទេសដ៏ប្រណីតឡើយ »៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost