ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត បានប្រែក្លាយខ្លួនទៅជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ទាក់ទាញប្រចាំខេត្តឧត្តមានជ័យ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តមិនចេះដាច់ដោយសារតែសម្រស់ទេសភាពធម្មជាតិដ៏ខៀវស្រងាត់ និងមានខ្យល់អាកាសដល់ល្អបរិសុទ្ធ។
លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តបច្ចុប្បន្ននេះ បានប្រែក្លាយខ្លួនទៅជារមណីយដ្ឋានមួយបែបទេសចរផ្សងព្រេង ដែលមានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍មកតំបន់នោះ ដោយពួកគាត់អាចធ្វើដំណើរតាមរយៈជិះគោយន្តចូលទៅក្នុងព្រៃ ដើម្បី មើលសត្វព្រៃ ផ្កាព្រៃ និងដើមឈើប្រណិតៗជាច្រើន។ លោកស្រីបានបន្តថា ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅក្នុងតំបន់សហគមន៍សង្ឃរុក្ខាវ័ន្ត ក៏អាចធ្វើដំណើរកម្សាន្តបានផងដែរតាមរយៈការជិះកង់។

លោកស្រីបន្តថា « សហគមន៍សង្ឃរុក្ខាវ័ន្តនេះ មានព្រះមេគុណខេត្តព្រះអង្គ ប៊ុន សាលូត ជាប្រធានសហគមន៍ ដោយបច្ចុប្បន្ននេះព្រះអង្គកំពុងតែធ្វើការសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដើម្បីរៀបចំសហគមន៍គាត់ប្រែក្លាយពីសហគមន៍ដែនជម្រកសត្វព្រៃឱ្យក្លាយជាសហគមន៍ទេសចរ។ អ្វីដែលគាត់ចង់បាន គឺប្រែក្លាយពីសហគមន៍ព្រៃឈើរបស់គាត់ក្លាយជាសហគមន៍ទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តក្នុងសហគមន៍បែបធម្មជាតិ។ បច្ចុប្បន្ននេះ ព្រះអង្គខិតខំប្រឹងប្រែងក្នុងការរៀបចំនៅក្នុងសហគមន៍ហ្នឹង គឺរៀបចំផ្លូវចូល ការទាក់ទាញបែបសាសនា ទាក់ទាញបែបធម្មជាតិផង ហើយបច្ចុប្បន្នមានភ្ញៀវមួយចំនួនចាប់អារម្មណ៍ក្នុងការជិះកង់ ដើម្បីកម្សាន្តនៅក្នុងសហគមន៍បែបធម្មជាតិ »។

លោកស្រីបានឱ្យដឹងថា ការប្រែក្លាយតំបន់ការពារធម្មជាតិនេះឱ្យទៅជាគោលដៅទេសចរណ៍ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានចំណូល តាមរយៈជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ លោកស្រីបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញ ព្រោះបន្ទាប់ពីទទួលបានចំណូលពីភ្ញៀវទេសចរ ហើយប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីសរុបចំនួន ៣០,២៥៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីទីរួមខេត្ត៕
ប្រភព៖ ក្រសួងព័ត៌មាន


