របាយការណ៍សេដ្ឋកិច្ចពិភពលោក៖ ក្រុងបាងកកអាចនឹងបាត់បង់ភ្ញៀវទេសចរខ្ពស់បំផុតក្នុងចំណោមទីក្រុងធំៗ ទាំងអស់នៅលើពិភពលោក
ទេសចរណ៍ September 14, 2020 Chan Sreyny

ការរឹតត្បិតការធ្វើដំណើរអន្តរជាតិបានធ្វើឲ្យឧស្សាហកម្ម​ ទេសចរណ៍របស់ប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង ដែលទីក្រុងបាងកកអាចនឹងបាត់បង់ភ្ញៀវទេសចរខ្ពស់បំផុតក្នុងចំណោមទីក្រុងធំៗ ទាំងអស់នៅលើពិភពលោក។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនព្យាករណ៍ពិភពលោក Oxford Economics បានព្យាករណ៍ថា ទីក្រុងបាងកកនឹងបាត់បង់ភ្ញៀវទេសចរបរទេសចូលមកកម្សាន្តប្រមាណ ១៤.៥ លាននាក់នៅចុងឆ្នាំនេះ។

ខណៈទីក្រុងនានានៅទូទាំងពិភពលោកកំពុងមានការធ្លាក់ចុះនៃវិស័យទេសចរណ៍ ប៉ុន្តែ Oxford Economics បាននិយាយថា ទីក្រុងបាងកកនឹងត្រូវរងគ្រោះខ្លាំងបំផុត។ របាយការណ៍ដដែលបានបន្តថា តម្រូវការនឹងមិនកើនឡើងខ្ពស់ដូចកាលពីឆ្នាំ២០១៩ ទេ ហើយនឹងបន្តដល់ឆ្នាំ២០២៤ ។ ដោយតម្រូវការសម្រាប់ការធ្វើដំណើរអន្តរជាតិទៅកាន់ទីក្រុងបាងកក និងធ្លាក់ចុះដល់ ៥៧% បើប្រៀបធៀបទៅនឹងចំនួនកាលពីឆ្នាំមុន ខណៈទីក្រុងបាងកកមានចំនួនជិត ២/៣ នៃចំនួនភ្ញៀវទេសចរទាំងអស់ ហើយជាលទ្ធផល គឺការខាតបង់នៅក្នុងប្រទេសថៃ។

ដោយឡែកការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងការដាក់ឱ្យដាច់រយៈពេល ១៤ ថ្ងៃដែលបានកំណត់ កំពុងរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរនេះ។ រួមជាមួយទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ា គឺស្ថិតនៅក្នុងទីក្រុង និងទិសដៅចំនួន ២០ ដែលត្រូវបានទស្សនាច្រើនបំផុតនៅលើពិភពលោក។ ជាមួយគ្នានេះរបាយការណ៍ដដែលនិយាយថា ពួកគេរំពឹងថានឹងមានការខូចខាតយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងតំបន់ ដោយទីក្រុងនានាត្រូវបានគេរាយការណ៍ថា បានខូចខាតរួចទៅហើយ ដោយសារអាជីវកម្មខ្លះបានបិទ ហើយអាជីវកម្មដែលបានបើកដំណើរការបានត្អូញត្អែរយ៉ាងខ្លាំងព្រោះគ្មានភ្ញៀវមកកម្សាន្ត។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai COMPASS បានឱ្យដឹងថានៅចុងឆ្នាំនេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះចំនួន ៧០% ដែលរកបានតែ ៩.១ ពាន់លានបាតប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងវិស័យទេសចរណ៍ដែលមានចំណូលចំនួន ៣.០២ ទ្រីលានបាត ហើយទម្រាំតែប្រាក់ចំណូលត្រលប់មកដូចពីមុនវិញ ប្រទេសនេះត្រូវចាយពេល ៣ ទៅ ៤ឆ្នាំ៕

ប្រភព៖ thethaiger