វិបត្តិការងារនៅអង់គ្លេស កាន់តែអាក្រក់ទ្វេដងជាងវិបត្តិសេដ្ឋកិច្ចកាលពីលើកមុន
សេដ្ឋកិច្ច September 14, 2020 Chan Sreyny

ចក្រភពអង់គ្លេស គ្រោងនឹងកាត់បន្ថយបុគ្គលិកច្រើនទ្វេរដងជាងវិបត្តិសេដ្ឋកិច្ចកាលពីមុន។ ការកាត់បន្ថយការងារប្រហែល ១៨០,០០០ ត្រូវបានគ្រោងទុកកាលពីខែមករា ដល់ខែមីនា ឆ្នាំ ២០០៩ ខណៈដែលការងារចំនួន ៣៨០,០០០ ត្រូវបានគ្រោងទុកចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ ២០២០ នេះ។

វិធានការណ៍ឃ្លាតឆ្ងាយពីសង្គមដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 បាននាំឱ្យសេដ្ឋកិច្ចអង់គ្លេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការបង្ខំឱ្យនិយោជិកស្នាក់នៅផ្ទះ ហាងជាច្រើនត្រូវបានបិទ និងការដឹកជញ្ជូនត្រូវបានបញ្ឈប់។ ជាលទ្ធផល អាជីវកម្មជាច្រើនត្រូវបានគេបង្ខំឱ្យពិចារណាក្នុងការកាត់បន្ថយកម្លាំងការងាររបស់ពួកគេ ដោយធ្វើឱ្យបុគ្គលិកជាច្រើនត្រូវបានបញ្ឈប់ការងារ។ ចំពោះការបញ្ឈប់នេះបានបង្ហាញថា រលកនៃការលែងត្រូវការបុគ្គលិកតទៅទៀតគឺច្រើនជាងទ្វេដងនៃកម្រិតកំពូលចំនួន ១៨០,០០០ កាលពីខែមករា ដល់ខែមីនា ឆ្នាំ ២០០៩ ។

លោក Tony Wilson នាយក IES បានមានប្រសាសន៍ថា « ការប្រៀបធៀបអ្វីដែលកំពុងកើតឡើងនៅពេលនេះ ជាមួយនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងវិបត្តិសេដ្ឋកិច្ចចុងក្រោយបានបង្ហាញថា យើងកំពុងមានវិបត្តិសេដ្ឋកិច្ចមិនដូចអ្វីដែលយើងបានឃើញពីមុនទេ »។ IES កំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមសម្រាប់ក្រុមហ៊ុន ដែលមានលទ្ធភាពជួយពួកគេក្នុងការរក្សាបុគ្គលិក ក៏ដូចជាការបណ្តុះបណ្តាល និងផ្តល់យោបល់ដើម្បីជួយដល់អ្នកដែលបាត់បង់ការងារឱ្យរកការងារថ្មីយ៉ាងឆាប់រហ័ស។

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា « ការគាំទ្រការងារ គឺជាអាទិភាពដាច់ខាតដែលជាមូលហេតុដែលយើងបានបង្កើត “ ផែនការសម្រាប់ការងារ ” ដើម្បីការពារ បង្កើត និងគាំទ្រការងារនៅទូទាំងចក្រភពអង់គ្លេស ដោយផ្តល់ការគាំទ្រដល់គោលដៅដែលត្រូវការចាំបាច់បំផុត »។ រដ្ឋាភិបាលអង់គ្លេសបានចំណាយថវិកា ២ ពាន់លានផោនដើម្បីលើកទឹកចិត្តដល់និយោជិកឱ្យបង្កើតកន្លែងបណ្តុះបណ្តាលថ្មី និងការហ្វឹកហាត់បន្ថែមនៅតាមមជ្ឈមណ្ឌលការងារ និងប្រាក់លើកទឹកចិត្តចំនួន ១,០០០ ផោនដើម្បីលើកទឹកចិត្តដល់និយោជក់ក្នុងការយនាំបុគ្គលិករបស់ពួកគេត្រឡប់មកវិញ។ IES បានប៉ាន់ប្រមាណថា ការងារចំនួន ៤៤៥,០០០ អាចនឹងបញ្ឈប់នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលគួរឱ្យកត់សម្គាល់ជាងកម្រិតកំពូលក្នុងរយៈពេល ៣ ខែនៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីលើកមុន៕

អត្ថបទ៖ នីតា
ប្រភព៖ bbc