ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយពីថ្ងៃសុក្រថា ខ្លួនបានសន្យាផ្ដល់ថវិកាប្រមាណ ១៥៦.៦ លានដុល្លារ សម្រាប់គម្រោងសហប្រតិបត្តិការនៅទូទាំងតំបន់មេគង្គរួមមាន ការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ការចែករំលែកទិន្នន័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងចំណោមថវិកាទាំងអស់នេះ ក្រសួងនឹងចំណាយថវិកាចំនួន ៥៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឆ្លងកាត់តំបន់មេគង្គ និង ១.៨ លានដុល្លារ ដើម្បីគាំទ្រដល់គណៈកម្មការទន្លេមេគង្គ ក្នុងការចែករំលែកទិន្នន័យធនធានទឹក សម្រាប់ការធ្វើផែនការគោលនយោបាយ នេះបើយោងតាមការលើកឡើងរបស់ក្រសួងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីភាពជាដៃគូ ដែលបានធ្វើឡើងតាមអីនធឺណេត។

យ៉ាងណាមិញថវិកាដែលនៅសល់នឹងត្រូវចំណាយទៅលើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ និងសម្របសម្រួលការសន្ទនាអំពីគោលនយោបាយពហុភាគីទាក់ទងនឹងការអភិវឌ្ឍនៅទូទាំងតំបន់មេគង្គ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ទន្លេមេគង្គហូរពីប្រភពដើមនៅទីបេក្នុងប្រវែង ៤.៨៨០ គីឡូម៉ែត្រ ដោយហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាមមុនពេលទៅដល់សមុទ្រ។ បើតាមការសិក្សាថ្មីៗដោយគណៈកម្មការទន្លេមេគង្គបានបង្ហាញថា គ្រោះរាំងស្ងួតនៅក្នុងអាងទន្លេមេគង្គក្រោមបានកើនឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរក្នុងប៉ុន្មានទសវត្សថ្មីៗនេះ។ គណៈកម្មាធិការបានបញ្ជាក់កាលពីខែកក្កដា ឆ្នាំ២០១៩ ថាកម្រិតទឹកនៅក្នុងទន្លេក៏ឡើងទាបផងដែរក្នុងរដូវក្តៅឆ្នាំមុន។

ទន្ទឹមនឹងនេះទឹកភ្លៀងទាបមិនសមហេតុផល ទិន្នផលទឹកខ្សោយ មកពីតំបន់ខ្សែទឹកដែលបណ្តាលមកពីទប់ទឹកនៅទំនប់វារីអគ្គីសនី Jinghong នៅក្នុងប្រទេសចិន និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍កាលពីរដូវក្តៅមុន បានធ្វើឱ្យកម្រិតទឹកធ្លាក់ចុះយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ជីវិតមនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទឹកជាចាំបាច់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


