យោងតាមការស្រាវជ្រាវរបស់អង់គ្លេសបានឱ្យដឹងថា តម្រូវការធ្វើដំណើរអន្តរជាតិនឹងធ្លាក់ចុះ ៥៧% ក្នុងឆ្នាំ ២០២០ ដោយសារការត្រួតពិនិត្យព្រំដែនយ៉ាងតឹងតែង និងវិធានការនៅដាច់ដោយឡែកពីគ្នា ដែលត្រូវបានដាក់ចេញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។
តម្រូវការសម្រាប់ការធ្វើដំណើរទៅបរទេស នឹងមិនវិលត្រឡប់មករកកម្រិតមុនពេលមានជំងឺរាតត្បាតវិញទេរហូតដល់ឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការរាតត្បាត និងអារម្មណ៍អវិជ្ជមានចំពោះការធ្វើដំណើរអន្តរជាតិ រួមទាំងផលប៉ះពាល់ទាំងការធ្វើដំណើរកម្សាន្ត និងការធ្វើដំណើរអាជីវកម្មផងដែរ។ ទោះជាយ៉ាងនេះក្ដី ប្រទេសជាច្រើន ក៏កំពុងចាប់ផ្តើមបើកព្រំដែនរបស់ខ្លួនឡើងវិញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា តម្រូវការធ្វើដំណើរក្នុងស្រុកត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញលឿនជាងការធ្វើដំណើរអន្តរជាតិ ដែលនឹងវិលត្រឡប់មករកកម្រិតឆ្នាំ ២០១៩ ត្រឹមឆ្នាំ ២០២២ ។ ការធ្លាក់ចុះ ៥៧% ស្មើនឹងចំនួនអ្នកទេសចរតិចជាង ៨៤៧ លាននាក់ត្រូវបានព្យាករណ៍ថា តំបន់ទាំងអស់ទំនងជានឹងមានការធ្លាក់ចុះ ដោយការធ្វើដំណើរទៅកាន់គោលដៅនៅអាមេរិកខាងជើងរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ ៧០% ។ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដែលរងផលប៉ះពាល់អាក្រក់បំផុតទី២ ជាមួយនឹងការធ្លាក់ចុះ ៥៧% ។ តំបន់អាស៊ីឦសានត្រូវបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់រហូតដល់ ៦១% ។

ទន្ទឹមនឹងនេះ នៅប្រទេសជប៉ុនអ្នកទេសចរក្នុងស្រុកបានធ្លាក់ចុះ ៩៩.៩% បើធៀបនឹងឆ្នាំមុនសម្រាប់ខែទី៤ ក្នុងខែកក្កដា ដោយសារតំបន់ជាច្រើនត្រូវបានហាមឃាត់។ ការស្រាវជ្រាវរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ការធ្វើដំណើរឆ្លងកាត់ព្រំដែនទំនងជានឹងធ្លាក់ចុះដល់ ៥៦% នៅក្នុងទ្វីបអឺរ៉ុប ទោះបីជាមានការផ្លាស់ប្តូរថ្មីៗដើម្បីបើកព្រំដែន និងសកម្មភាពធ្វើដំណើរចាប់ផ្តើមក៏ដោយ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទិសដៅនៅទីក្រុងធំៗ រងផលប៉ះពាល់ច្រើនជាងតំបន់នៅជនបទ។ ទីក្រុងចំនួន ១០ ដែលមានភាគរយធ្លាក់ចុះច្រើនជាងគេត្រូវបានគេរំពឹងថា នឹងមាននៅក្នុងសហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉កដែលទំនងជានឹងធ្លាក់ចុះ ៧៩% ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


