នាយករដ្ឋមន្រ្តីវៀតណាមស្នើឲ្យពិចារណា បើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ ក្រោយបិទអស់រាប់ខែ
សេដ្ឋកិច្ច September 14, 2020 Chan Sreyny

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងដឹកជញ្ជូន (MoT) ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ ពិចារណាការបន្តការហោះហើរសម្រាប់ការធ្វើជំនួញអន្តរជាតិ ជាមួយប្រទេស និងតំបន់មួយចំនួនបន្ទាប់ពីការបិទជើងហោះហើរនេះរាប់ខែ ដោយសារការរីករាលដាលនៃវីរុស Covid-19។

លោកបានធ្វើសំណើនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងការការពារ និងត្រួតពិនិត្យវីរុស Covid-19 ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ កន្លងទៅនេះនៅទីក្រុងហាណូយ។ នៅក្នុងកិច្ចប្រជុំនាយករដ្ឋមន្រ្តីរូបនេះបានស្នើឲ្យបើកជើងហោះហើរ សម្រាប់ឆ្លងកាត់ប្រទេសរួមមានជើងហោះហើរពី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ តៃវ៉ាន់ (ចិន) ឡាវ និងកម្ពុជា មុនពេលចូលទៅប្រទេសវៀតណាម។

យ៉ាងណាមិញចំពោះសំណើនេះក្រសួងដឹកជញ្ជូន (MoT) មានភារកិច្ចធ្វើការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេស ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការបើកជើងហោះហើរអន្តរជាតិឡើងវិញរួមមាន ការជ្រើសរើសក្រុមនៃអ្នកដំណើរដែលត្រូវផ្តល់អាទិភាពឲ្យចូលនៅក្នុងប្រទេស ក៏ដូចជាព្រលានយន្តហោះនានាដែលពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand