យោងតាមទិន្នន័យដែលបានចេញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យបង្ហាញថា លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាង និងទីផ្សារពិភពលោក សម្រាប់រយៈពេល ៨ខែ ១១ថ្ងៃ ដោយគិតពីដើមឆ្នាំមកទល់ពេលត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះមានចំនួន ៣,០៣៩,០៣០.៥៤ តោន។ ជាមួយគ្នានេះក្នុងរយៈពេលត្រឹមតែមួយថ្ងៃ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះការនាំចេញមានចំនួនដល់ទៅ ៤០,៨៦៨ តោន។
តាមប្រភពដដែលបានឲ្យដឹងថាការនាំចេញផលិតផលកសិកម្មទាំងនោះរួមមាន អង្ករ ចំណិតដំឡូងមីក្រៀម ចំណិតដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ ចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយ ដំណាប់ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ ដំឡូងជ្វា ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលផ្សេងៗទៀត។ ដោយឡែកការនាំចេញពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនរួមមាន៖ ប្រទេសចិន បណ្ដាប្រទេសនៅអឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន និងទិសដៅដទៃទៀតផងដែរ។

ទន្ទឹមនឹងនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញផលិតកម្មស្បៀងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងងពីខាងក្រៅ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ក្រសួងបានកត់សំគាល់ឃើញថា មានបុគ្គលមួយចំនួនតូចបាននិងកំពុងគាំទ្រ បុគ្គលដែលធ្វើព្យុះភ្លៀង ដោយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារឈ្មួញមួយចំនួនតូច ក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅផងដែរ៕


អត្ថបទ៖ លីនី


