កម្ពុជាប្តេជ្ញាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨.៣% ក្នុងទីក្រុង និង៨០% នៅទីជនបទ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
សេដ្ឋកិច្ច September 12, 2020 Chan Sreyny

កម្ពុជាប្តេជ្ញាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨.៣% ក្នុងទីក្រុង និង៨០% នៅទីជនបទ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការប្ដេជ្ញានេះត្រូវបានលើកឡើងដោយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្ដមអនុរដ្ឋលេខាធិការ កឹម បូរី ក្នុងពិធីបិទបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាព។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីផែនការជាតិក្នុងការផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០%នៅទីជនបទ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា៖ « យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ទឹកកខ្វក់ជាង ២លានតោន ក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ »។ ជាមួយគ្នានេះឯកឧត្ដមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមាន ភាពល្អប្រសើរថែមមួយកម្រិតទៀត៕

ប្រភព៖ ក្រសងសាធារណការ និងដឹកជញ្ចូន