ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចុះហត្ថលេខាលើច្បាប់ស្ដីពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦៥.៥ ពាន់លានប៉េសូ ( ៣.៤ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដើម្បីពង្រីកការថែរក្សាសុខភាព និងជួយដល់អាជីវកម្មបន្ទាប់ពីជំងឺរាតត្បាត Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិ។
តាមច្បាប់ថ្មីរដ្ឋាភិបាលអាចចាក់បញ្ចូលទឹកប្រាក់ចំនួន ៤០ ពាន់លានប៉េសូ (ប្រហែលជិត ៨២៤ លានដុល្លារ) ក្នុងដើមទុនបន្ថែមទៅក្នុងធនាគាររបស់រដ្ឋ ដូច្នេះពួកគេអាចផ្តល់ប្រាក់កម្ចីបន្ថែមដល់អាជីវកម្មខ្នាតតូច។ ប្រទេសហ្វីលីពីនដែលស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីមុនពេលមានជំងឺរាតត្បាត កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ២៩ឆ្នាំ បន្ទាប់ពីការបិទទ្វារក្នុងរយៈពេលដ៏វែងដែលបានបិទអាជីវកម្ម និងកាត់បន្ថយតម្រូវការក្នុងស្រុក។

គួរឲ្យដឹងផងដែរថា នៅពេលដែលប្រទេសនេះត្រូវបានរាតត្បាតដោយវីរុស Covid-19 ខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ច្បាប់ស្ដីពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់នេះបានផ្ដល់ប្រាក់ចំនួន ២៥.៥ ពាន់លានប៉េសូ ( ប្រហែល ៥២៥ លានដុល្លារ) ដើម្បីបើកប្រាក់ខែដល់គិលានុបដ្ឋាយិកា និងគ្រូពេទ្យ រួមទាំងទិញឧបករណ៍ការពារ និងសាងសង់កន្លែងវេជ្ជសាស្ត្រ។

ទន្ទឹមនឹងនេះថវិកាចំនួន ១០ ពាន់លានប៉េសូ (ប្រហែល ២០៥ លានដុល្លារ )ទៀតត្រូវបានត្រៀមទុកសម្រាប់ការទិញវ៉ាក់សាំងការពារវីរុស Covid-19 ខណៈប្រទេសនេះកំពុងពិភាក្សាជាមួយប្រទេសរុស្ស៊ី ចិន អូស្រ្តាលី និងសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដែលមានសក្តានុពល។ បើតាមអ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ជំរុញសេដ្ឋកិច្ច គឺមានសារៈសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ដើម្បីបើកសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


