យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជិត ៨០ លានដុល្លារអាមេរិកតាមរយៈកម្មវិធីផ្ទេរប្រាក់សង្រ្គោះបន្ទាន់សម្រាប់ក្រុមគ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះថវិកាជាង ៧៨ លានដុល្លារត្រូវបានផ្ដល់ដល់ប្រជាពលរដ្ឋក្រោមកម្មវិធីនេះ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែបន្តឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍កូវីដ-១៩ ហើយកំពុងបន្តកម្មវិធីជំនួយសង្គម ដើម្បីជួយដល់អ្នកដែលរងគ្រោះធ្ងន់ធ្ងរ។

ជាក់ស្ដែងរហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន ៧៨,២៧០,០០០ ដុល្លារ ដល់គ្រួសារដែលជួបការលំបាក និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅតែបន្តពិនិត្យ និងតាមដានផលប៉ះពាល់នៃវិបត្ដិកូវីដ-១៩ លើស្ថានភាពរស់នៅរបស់គ្រួសារដែលជួបការលំបាក និងងាយរងគ្រោះបន្តទៀត ហើយក៏កំពុងត្រៀមបន្តការអនុវត្តកម្មវិធីជំនួយសង្គមដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចសង្គមផងដែរ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្ទេរសាច់ប្រាក់គ្រាអាសន្នដំបូងក្នុងខែមិថុនា និងខែកក្កដា ដែលក្នុងនោះមានគ្រួសារប្រហែល ៦០ ម៉ឺនគ្រួសារទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ។ ទន្ទឹមនឹងនេះវដ្តទី២ នៃកម្មវិធីបានធ្វើឡើងចាប់ពីខែសីហា ដល់ខែកញ្ញា៕
ប្រភព៖ ក្រសួងព័ត៌មាន


