ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ប្រាក់កម្ចីជាង ១២៧ លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍលើវិស័យដ៏សំខាន់មួយនេះ
សេដ្ឋកិច្ច September 12, 2020 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ីយល់ព្រមផ្ដល់ប្រាក់កម្ចី ១២៧.៨ លានដុល្លារ ដើម្បីគាំទ្រដល់ការកសាងបណ្តាញបញ្ជូនអគ្គិសនី និងស្ថានីយក្រោមដីនៅកម្ពុជា នេះបើយោងតាមការឲ្យដឹងពីធនាគារតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ (ADB) បានឲ្យដឹងថា គម្រោងនេះនឹងជួយដល់រាជធានីភ្នំពេញ និងខេត្តចំនួន ៣ ផ្សេងទៀត ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាព និងអាចទុកចិត្តបាន។

នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាលោកស្រី Sunniya Durrani បានមានប្រសាសន៍ថា៖ « ការ​ផ្តល់​ជំនួយ​បន្តរបស់ ADB ក្នុង​ការរៀបចំ​ផែនការ​បណ្តាញ​ថាមពល​នេះ នឹង​ជួយ​ដល់​កម្ពុជាឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​ថាមពល​បាន​គ្រប់គ្រាន់ មានតម្លៃ​សមរម្យ និង​មាន​និរន្តរភាព​បរិស្ថាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ »។

ទន្ទឹមនឹងនេះសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍវិស័យថាមពលជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំនឹងជំរុញផលិតភាពសេដ្ឋកិច្ច និងគុណភាពជីវិត។ ខណៈគម្រោងនេះនឹងជួយបង្កើនដល់ អគ្គិសនីកម្ពុជា (EDC) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរបស់ខ្លួន តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការសាងសង់បណ្តាញបញ្ជូនចំនួន ១១៥-២៣០ គីឡូវ៉ាត់ចំនួន ៤ និងស្ថានីយចំនួន ១០ នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និងតាកែវ។

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩៤ មកធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចីជិត ២០០ លានដុល្លារអាមេរិកសម្រាប់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន។ ដោយឡែកកាលពីឆ្នាំមុនធនាគារបានផ្តល់ថវិកាចំនួន ៧.៦៤ លានដុល្លារដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីសាងសង់សួនថាមពលពន្លឺព្រះអាទិត្យតាមរយៈគំរូភាពជាដៃគូសាធារណៈ-ឯកជន៕

អត្ថបទ៖ លីនី
ប្រភព៖ adb