រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Pompeo បានធ្វើសេចក្តីថ្លែងការណ៍នេះនៅពេលចូលរួមកិច្ចប្រជុំនិម្មិតនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០ រវាងប្រទេសអាស៊ានទាំង១០ និងដៃគូរបស់ពួកគេ ដែលរួមមានចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលហ្សេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិកប្រចាំឆ្នាំ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា។
នៅឯកិច្ចប្រជុំនោះលោក បានកោតសរសើរចំពោះបណ្តាប្រទេសអាស៊ាន ចំពោះការឆ្លើយតបប្រកបដោយតម្លាភាពរបស់ខ្លួនចំពោះជំងឺរាតត្បាត Covid-19 ហើយបានកោតសរសើរចំពោះវៀតណាម ដែលជាប្រធានអាស៊ានចំពោះការងាររបស់ខ្លួនដែលបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងអំឡុងពេលដែលមិនធ្លាប់មាន។ ទន្ទឹមនឹងនេះលោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនិងតួនាទីរបស់ខ្លួនក្នុងការណែនាំការចូលរួមរបស់អាមេរិកជាមួយអាស៊ាន និងបានសង្កត់ធ្ងន់ថែមទៀតអំពីតួនាទីសំខាន់របស់ប្លុកនេះស្ថិតនៅចំណុចកណ្តាល នៃចក្ខុវិស័យអាមេរិកសម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

លោករដ្ឋមន្រ្តី Pompeo បានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគោលការណ៍នៃការបើកចំហការរាប់បញ្ចូលតម្លាភាព និងការគោរពច្បាប់អន្តរជាតិដែលត្រូវបានចែករំលែកនៅទូទាំងចក្ខុវិស័យ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក ទស្សនវិស័យរបស់អាស៊ាននៅលើតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទស្សនវិស័យរបស់រដ្ឋសមាជិក EAS ជាច្រើនទៀត៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


