សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ប្រឈមនឹងភាពមិនប្រាកដប្រជា ខណៈមានការកើននៃជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច September 11, 2020 Chan Sreyny

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានប្រឈមមុខជាមួយនឹងភាពមិនប្រាកដប្រជា ខណៈពេលដែលមានការកើនឡើងជាថ្មីនៃជំងឺរាតត្បាត Covid-19 ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង​ បាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនថា ការលេចចេញជាថ្មីនៃជំងឺរាតត្បាត និងយុទ្ធនាការរឹតត្បិតក្នុងប្រទេស បានធ្វើឱ្យមានភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចក្នុងស្រុក។ ដោយបានកត់សម្គាល់ថា ការប្រើប្រាស់បានថយចុះ ខណៈដែលការនាំចេញ និងផលិតកម្មមានភាពប្រសើរឡើងនាពេលថ្មីៗនេះ។

ជំងឺរាតត្បាត Covid-19 បានកើតឡើងម្ដងទៀតនៅកូរ៉េខាងត្បូង ជាមួយនឹងចំនួនករណីឆ្លងថ្មីបានកើនឡើងជាលំដាប់ចាប់តាំងពីថ្ងៃទី ១៤ ខែសីហា។ ដើម្បីដោះស្រាយការផ្ទុះឡើងវិញនៃជំងឺរាតត្បាតនេះ រដ្ឋាភិបាលកូរ៉េបានរឹតបន្តឹងគោលការណ៍ណែនាំក្នុងសង្គម ទាក់ទងនឹងការលក់រាយក្រៅប្រព័ន្ធអ៉ីនធឺណេត និងឧស្សាហកម្មសេវាកម្ម។ ខណៈប្រាក់ចំណូលនៃហាងលក់ទំនិញបានធ្លាក់ចុះ ៧.៧% នៅក្នុងខែសីហា បន្ទាប់ពីការធ្លាក់ចុះ ២.៩% កាលពីខែកក្កដា និងការលក់បញ្ចុះតម្លៃបន្តធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នា។ ទោះជាយ៉ាងនេះក្ដី ប្រាក់ចំណូលសម្រាប់អ្នកលក់តាមអ៉ីនធឺណេតបានកើនឡើង ៣៥.៥% កាលពីខែមុន ដោយសារប្រជាជនបានចៀសវាងពីសកម្មភាពខាងក្រៅដូចជា ការបរិភោគក្រៅផ្ទះ និងដើរទិញឥវ៉ាន់៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet