ការកើនឡើងនៃអត្រាធ្វើអត្តឃាតនៅប្រទេសថៃមានការកើនឡើងដោយសារ បញ្ហាសេដ្ឋកិច្ច ការរិតត្បិតនិងការរាតត្បាតនៅលើពិភពលោក រួមជាមួយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្ម។ ទិន្នន័យនេះត្រូវបានប្រកាសកាលពីម្សិលមិញ ស្របពេលទៅនឹងទិវា បង្ការការធ្វើអត្តឃាតពិភពលោក។
នាយកដ្ឋានសុខភាពផ្លូវចិត្តបានចេញរបាយការណ៍មួយដែលបង្ហាញថា មនុស្សចំនួន ២,៥៥១ នាក់ បានសម្លាប់ខ្លួនចាប់ពីខែមករា ដល់ចុងខែ កក្កដា ឆ្នាំ២០២០ ។ ចំនួននេះ គឺកើនឡើង ២២% បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដំបូងនៃឆ្នាំមុន។ យោងតាមមន្រ្តីសុខាភិបាលបានឲ្យដឹងថា បញ្ហាផ្ទាល់ខ្លួន សម្ពាធសេដ្ឋកិច្ច ការធ្លាក់ចិត្ត និងការសេពសុរា បានធ្វើឲ្យករណីសម្លាប់ខ្លួនមានការកើនឡើង ហើយមើលទៅហាក់ដូចជាជាប់ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសថៃនាពេលបច្ចុប្បន្ននេះ។

ដោយឡែកអគ្គនាយកផ្នែកសុខភាពផ្លូវចិត្តថៃលោក Kiartipoom Wongrachit បាននិយាយថា ការកើនឡើងនៃចំនួននេះគឺជាក្តីបារម្ភដ៏ធំមួយ។ នាយកដ្ឋាននេះ កំពុងសហការជាមួយផ្នែកបង្ក្រាបបទឧក្រិដ្ឋរបស់ប៉ូលីស និងបង្កើតផែនការដើម្បីធ្វើការជាមួយអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរកវិធីថ្មីៗក្នុងការកំណត់អត្តសញ្ញាណ និងអន្តរាគមន៍ដើម្បីជួយកាត់បន្ថយឧប្បត្តិហេតុនៃជំងឺធ្លាក់ទឹកចិត្ត និងការធ្វើបាបខ្លួនឯង។

គួរឲ្យដឹងផងដែរថា អត្រានៃការធ្វើអត្តឃាតដែលកើនឡើងក្នុងឆ្នាំនេះ បានរំលឹកដល់មន្រ្តីសុខាភិបាលសាធារណៈអំពីការធ្លាក់ចុះនៃហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៧ ដោយសារ ការធ្វើអត្តឃាតបានធ្វើតាមលំនាំដដែល។ ខណៈអត្រាអ្នកដែលធ្វើអត្តឃាតខ្លួនឯងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ បានហក់ឡើងពី ២០% ទៅ ៣០%។

ទន្ទឹមនឹងនេះនៅខែមិថុនា សាកលវិទ្យាល័យ Oxford ក៏បានចេញផ្សាយការសិក្សាអំពីផលប៉ះពាល់នៃការរាតត្បាតលើអត្រានៃការធ្វើអត្តឃាតនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអន្តរជាតិ។ ការសិក្សាបានរកឃើញថាស្ត្រេសពី Covid-19 បានដើរតួជាផ្នែកមួយនៃអត្រាធ្វើអត្តឃាតហើយបញ្ហានេះ អាចមានភាពធូរស្បើយបន្ទាប់ពីការផ្ទុះឡើងបានបញ្ចប់។ វិបត្តិ Covid-19 អាចបង្កើនអត្រាធ្វើអត្តឃាតក្នុងកំឡុងពេល និងក្រោយពេលឆ្លងរាតត្បាត។ ផលវិបាកសុខភាពផ្លូវចិត្តនៃវិបត្តិ Covid-19 រួមទាំងអាកប្បកិរិយាធ្វើអត្តឃាតទំនងជានឹងមានជាយូរមកហើយ និងខ្ពស់បំផុតជាងការរាតត្បាតជាក់ស្តែង៕
អត្ថបទ៖ លីនី
ប្រភព៖ thethaiger


