យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japantimes បានឲ្យដឹងថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះច្រើនជាងការប៉ាន់ស្មានដំបូងក្នុងត្រីមាសទី២ ដោយសារការចំណាយមូលធនបានរងផលប៉ះពាល់ពីវិបត្តិ Covid-19។ ការធ្លាក់ចុះនេះបង្កជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភសម្រាប់មេដឹកនាំថ្មី អំពីការប្រឈមនឹងការចូលនៃវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ។
សេដ្ឋវិទូ Masaki Kuwahara នៅក្រុមហ៊ុន Nomura Securities Co បាននិយាយថា នាយករដ្ឋមន្រ្តីដែលកាន់តំណែងបន្ទាប់ នឹងត្រូវចាត់វិធានការលើវីរុស ដែលជាអាទិភាពទីមួយ។ ខណៈសេដ្ឋកិច្ចអាចនឹងមើលឃើញការស្ទុះងើបឡើងទ្វេដង ប៉ុន្តែល្បឿននៃការស្តារឡើងវិញនឹងយឺត »។

គួរឲ្យដឹងផងដែរថា ក្រុមអ្នកវិភាគមើលឃើញថាកំណើនផលិតក្នុងស្រុកសរុបបានកើនឡើងប្រហែល ១៣% នៅត្រីមាសនេះ ដែលមិនគ្រប់គ្រាន់សម្រាប់ការធ្លាក់ចុះ ៣ ត្រីមាសជាប់ៗគ្នា។ ជាមួយគ្នានេះសេដ្ឋវិទូរបស់ Bloomberg បាននិយាយថា សេដ្ឋកិច្ចអាចនឹងមិនកើនឡើងដល់ទំហំមុនពេលវីរុសរាតត្បាតទេ ព្រោះវិបត្តិនេះបានពន្យារពេលការធ្វើកំណែទម្រង់សំខាន់ៗដែលត្រូវការជាចាំបាច់ មុនពេលការធ្លាក់ចុះចំនួនប្រជាជនជប៉ុន បណ្តាលឱ្យមានការធ្លាក់ចុះរយៈពេលវែង។

ទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា ការចំណាយក្នុងគ្រួសារបានធ្លាក់ចុះ ៧.៦% ក្នុងខែកក្កដាបើប្រៀបធៀបនឹងឆ្នាំមុន ដែលច្រើនជាងការព្យាករណ៍ទីផ្សារមធ្យមសម្រាប់ការធ្លាក់ចុះ ៣.៧%។ ដោយឡែកទិន្នន័យរបស់រដ្ឋាភិបាលផ្សេងទៀតបានបង្ហាញថា ប្រាក់ឈ្នួលពិតប្រាកដក៏បានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់គ្នានៅក្នុងខែកក្កដាដែរ ដោយចង្អុលបង្ហាញពីភាពតានតឹងដែលអាចកើតមាននៅក្នុងពេលខាងមុខ សម្រាប់ការចំណាយរបស់អ្នកប្រើប្រាស់៕
អត្ថបទ៖ លីនី
ប្រភព៖ japantimes


