អាជីវកម្មជាង ៦០០អាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ ចាប់តាំងពីឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក
សេដ្ឋកិច្ច September 11, 2020 Chan Sreyny

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក រកចំណូលពីទេសចរក្នុងស្រុកបានប្រមាណជាង ១០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា និងបង្កើនឱ្យបណ្តាអាជីវកម្មដែលបានផ្អាកបណ្តោះអាសន្នបានបើកដំណើរការឡើងវិញជាង ៦០០អាជីវកម្ម ហើយមានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ។

ឯកឧត្ដមបណ្ឌិតបានលើកឡើងដូច្នេះ​នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នាកំលុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅទីស្នាក់ការ NOCC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរកវិធីសាស្ត្ររបន្ថែមក្នុងការទប់ស្កាត់ COVID-19 នាកំលុងពេលភ្ជុំបិណ្ឌនេះ។

ខណៈឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញពីភាពជោគជ័យក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលពុំមានករណីឆ្លង COVID-19 នៅក្នុងគោលដៅទេសចរណ៍នានា ប៉ុន្តែទោះយ៉ាងណានៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្ដមបានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានរកវិធីសាស្ត្របន្ថែម ក្នុងការរបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ COVID-19 នេះបន្តទៀត។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានថ្លែងថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលគ្រប់អ្នកធ្វើការងារនានាអាចឈប់សម្រាករហូត ៩ថ្ងៃ និងមានទេសចរក្នុងស្រុកចេញធ្វើដំណើរកម្សាន្តកើនរហូតដល់ជាង ២លាននាក់ ហើយពុំមានករណីរាតត្បាតឆ្លង COVID-19 នៅក្នុងសហគមន៍ និងគោលដៅទេសចរណ៍ណានោះទេ ហើយនៅក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌចំនួនចំនួន ៣ថ្ងៃ គ្រប់អ្នកបម្រើការងារនានាអាចឈប់រាករហូតដល់ ៥ថ្ងៃ បណ្តាពលរដ្ឋក្រៅពីអញ្ជើញធ្វើដំណើរទៅទីវត្តអារាមនោះ ប្រជាពលរដ្ឋទាំងនោះនឹងបន្តធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទៀត៕

អត្ថបទ៖ លីនី