ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ថៃបានធ្លាក់ចុះ ៨.៥% បើធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៧ ខែដំបូង ដែលភាគច្រើនបណ្ដាលមកពីការបិទច្រកព្រំដែន ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសជិតខាង។
នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃបានរាយការណ៍ថា ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន រួមទាំងពាណិជ្ជកម្មឆ្លងកាត់មានចំនួនសរុប ៧៤១ ពាន់លានបាត (ជាង ២៣ ពាន់លានដុល្លារ) សម្រាប់ខែមករា ដល់ខែកក្កដា។ ក្នុងចំណោមតួលេខសរុបការនាំចេញមានចំនួន ៤២៩ ពាន់លានបាតធ្លាក់ចុះ ៨.២% បើធៀបនឹងឆ្នាំមុន ខណៈការនាំចូលធ្លាក់ចុះ ៩% ស្មើនឹង ៣១២ ពាន់លានបាត ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ១១៦ ពាន់លានបាត។

ទន្ទឹមនឹងនេះ ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប ១៣១ ពាន់លានបាត (ធ្លាក់ចុះ ២៣.៦%) បន្ទាប់មកពាណិជ្ជកម្មជាមួយឡាវ (១០៧ ពាន់លានបាតធ្លាក់ចុះ ៧.៨%) មីយ៉ាន់ម៉ា (១០១ ពាន់លានបាតធ្លាក់ចុះ ១៣.៦%) និងកម្ពុជា (៩៤.៨ ពាន់លានបាតកើនឡើង ១.៨ %)។ ពាណិជ្ជកម្មឆ្លងកាត់ ជាពិសេសនៅសាំងហ្គាពួរ វៀតណាម និងភាគខាងត្បូងប្រទេសចិនបានធ្លាក់ចុះ ១.៧% ក្នុងរយៈពេល ៧ ខែដំបូងមកត្រឹម ៣០៨ ពាន់លានបាត។ តម្លៃពាណិជ្ជកម្មឆ្លងកាត់ជាមួយប្រទេសវៀតណាមបានធ្លាក់ចុះ ២១.៨% ស្មើនឹង ៣៤.៩ ពាន់លានបាត និងប្រទេសដទៃទៀតធ្លាក់ចុះ ១៥.៨% ស្មើនឹង ៩១.៧ ពាន់លានបាត។ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែសីហា ប្រទេសថៃបានបើកទ្វារត្រួតពិនិត្យព្រំដែន ៤០ កន្លែងក្នុងចំណោម ៩៧ កន្លែងនៅទូទាំងប្រទេស៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


