ជប៉ុនសន្យាផ្ដល់ប្រាក់ ១ លានដុល្លារដល់មូលនិធិថ្មី ដើម្បីជួយដល់ការឆ្លើយតបនឹងវីរុស COVID-19 របស់អាស៊ាន
សេដ្ឋកិច្ច September 10, 2020 Chan Sreyny

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាន​សន្យាកាលពីថ្ងៃពុធថា នឹងចំណាយថវិកាចំនួន ១ លានដុល្លារអាមេរិកក្នងមូលនិធិថ្មីមួយ ក្នុងគោលបំណងជួយដល់ការឆ្លើយតបរបស់សមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ចំពោះការឆ្លងរីករាលដាលនៃវីរុស Covid-19 តាមរយៈការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងការបង្កើតវ៉ាក់សាំង។ ក្រុមអាស៊ានរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។

យោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយសមភាគីមកពីអាស៊ានដែលមានសមាជិក ១០ ប្រទេស ចិននិងកូរ៉េខាងត្បូង រួមទាំងលោក Motegi ក៏បាននិយាយផងដែរថា ប្រទេសជប៉ុននឹងផ្តល់ឧបករណ៍ថែទាំសុខភាពដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងបន្តផ្តល់ប្រាក់កម្ចីជាប្រាក់យ៉េនបន្ទាន់ ដើម្បីជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពួកគេក្រោយការរាតត្បាត។ ក្នុងនោះប្រទេសចិន និងកូរ៉េខាងត្បូង​ក៏បាន សន្យាថានឹងចូលរួមវិភាគទានដល់មូលនិធិដែលបច្ចុប្បន្នមានចំនួនសរុប ២.៣ លានដុល្លារ ដោយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង។

ប្រភពដដែលបានឲ្យដឹងថា លោក Motegi ប្តេជ្ញាធ្វើការឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ជំងឺដែលកំពុងមានវត្តមាន និងសុខភាពសាធារណៈ ក្នុងគោលបំណងជួយការពារប្រជាជនពីការគំរាមកំហែងនៃជំងឺរាតត្បាតក្នុងរយៈពេលវែង។ ខណៈអង្គភាពដែលត្រូវបានផ្តល់មូលនិធិដោយទីក្រុងតូក្យូត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្រ្តី Shinzo Abe នៅក្នុងកិច្ចប្រជុំកំពូលនៃអាស៊ានបូកបី រួមមាន ចិន កូរ៉េខាងត្បូង និងជប៉ុនកាលពីខែមេសា៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews