ការរឹតត្បិតរបស់អាហ្រ្វិកខាងត្បូងក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចឈានទៅរកការធ្លាក់ចុះយូរបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៨ឆ្នាំមកនេះ ដោយនៅក្នុងត្រីមាសទី២ ផលិតផលក្នុងស្រុកសរុបធ្លាក់ចុះច្រើនជាងការរំពឹងទុក។
យោងតាមស្ថិតិអាហ្វ្រិកខាងត្បូងបានបង្ហាញកាលពីថ្ងៃអង្គារនៅរដ្ឋធានី Pretoria បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំបានធ្លាក់ចុះ ៥១% គិតចាប់ពីខែមិថុនាធៀបនឹងត្រីមាសមុន ហើយបើធ្វើការប្រៀបធៀបនឹងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១.៨%។ ប្រភពដដែលបានឲ្យដឹងថា នេះគឺជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៩០ និងបានពង្រីកវិបត្តិសេដ្ឋកិច្ចទៅដល់ត្រីមាសទី៤ ដែលជារយៈពេលវែងបំផុតនៃការធ្លាក់ចុះប្រចាំត្រីមាសជាប់ៗគ្នាចាប់តាំងពីឆ្នាំ ១៩៩២ ។

ជាមួយគ្នានេះការប៉ាន់ប្រមាណជាមធ្យមរបស់សេដ្ឋវិទូចំនួន ១៧ នាក់នៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ការធ្លាក់ចុះទិន្នផលមានចំនួន ៤៧.២% ធៀបនឹងត្រីមាសមុន។ ហើយក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំសេដ្ឋកិច្ចបានធ្លាក់ចុះ ១៧.១% ច្រើនជាងការប៉ាន់ស្មានជាមធ្យម ១៦% ។ ទាំងអស់នេះត្រូវបានគេឲ្យដឹងថា បណ្ដាលមកពីការបិទទ្វារទូទាំងប្រទេសយ៉ាងតឹងរឹង ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមីនា ហើយបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាការធ្លាក់ចុះនៅក្នុងវដ្តដ៏វែងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។

គួរបញ្ជាក់ផងដែរថា ការចំណាយលើផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះប្រចាំឆ្នាំ ៥២,៣% នៅក្នុងត្រីមាសនេះ ហើយការចំណាយក្នុងគ្រួសារបានធ្លាក់ចុះ ៤៩.៨%។ ការបង្កើតមូលធនថេរបានថយចុះ ៥៩.៩% , សំណង់បានបង្ហាញពីការធ្លាក់ចុះដ៏ធំបំផុតគឺ ៧៦.៦% បន្ទាប់មកការផលិតមាន ៧៤.៩% និងរ៉ែ ៧៣.១% សកម្មភាពភាគច្រើននៅក្នុងវិស័យទាំងនេះត្រូវបានបញ្ឈប់សម្រាប់ផ្នែកដំបូងនៃការចាក់សោរ។ ប៉ុន្តែកសិកម្ម គឺជាឧស្សាហកម្មតែមួយគត់ដែលមានការកើនឡើងដោយមានកំណើន ១៥.១% ដោយប្រតិបត្តិការកសិកម្មភាគច្រើនបានបន្តក្នុងកំឡុងពេលបិទទ្វារជាសេវាកម្មសំខាន់៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


