ក្នុងឆ្នាំ២០២១ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលចំនួន ១៩២ដុល្លារ
សេដ្ឋកិច្ច September 10, 2020 Chan Sreyny

យោងតាមលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ ឆ្នាំទី២ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

កិច្ចប្រជុំសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជកផងដែរ។

ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ ១៩០ដុល្លារ ក្នុងគោលបំណងរក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែលដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់ ២ដុល្លារបន្ថែមទៀតលើតួលេខ ១៩០ដុល្លារធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ។ ចាប់ពីឆ្នាំ១៩៩៧ មកប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកក្នុងមួយខែទេ តែឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ដុល្លារអាមេរិកក្នុងមួយខែ៕