ខេត្តកំពត កំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបានចំនួនប៉ុននេះ នៅក្នុងឆ្នាំ២០២៣
ទេសចរណ៍ September 10, 2020 Chan Sreyny

ខេត្តកំពតដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង ៤ របស់ប្រទេស បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបានរហូតដល់ ២,៥ លាននាក់នៅឆ្នាំ ២០២៣ ព្រោះបច្ចុប្បន្នខេត្តនេះកំពុងអភិឌ្ឍទិសដៅទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រវិស័យនេះ។

ការកំណត់គោលដៅនេះ ត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០១៩-២០២៣ ដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា នៅសាលប្រជុំសាលាខេត្តកំពត។ នៅក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តកំពត ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ផែនការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្ត។

ផែនការអភិវឌ្ឍទេសចរណ៍រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) បង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតនៃការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពត ដោយផ្តោតលើទិសដៅជាយុទ្ធសាស្រ្តរួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ ការស្រាវជ្រាវទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌និងការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍធនធានមនុស្ស និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍។

ជាមួយគ្នានេះលោកបានបន្ថែមថា ផែនការអភិវឌ្ឍន៍នេះក៏ចង្អុលបង្ហាញពីការសិក្សាអំពីបញ្ហាប្រឈមហានិភ័យភាពខ្លាំង ឱកាស និងការអភិវឌ្ឍយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការសម្រាប់អនុវត្ត និងតាមដាន។ សូមជម្រាបផងដែរថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៨៣៨,០០០ នាក់ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១,០៩០,០០០ នាក់នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តកំពត៕

ប្រភព៖ ក្រសួងព័ត៌មាន